(ក្រុងឡុងដ៍)៖ Liverpool ដែលជាអតីតម្ចាស់ជើងឯក Premier League រដូវកាលមុននោះ បានរំកិលឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងពិន្ទុវិញ ក្រោយយកឈ្នះម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល ៣-០ ក្នុងសប្តាហ៍ទី៣៧ ជើងទី២ របស់ពួកគេ។

នេះមានន័យថា ក្រុមរបស់លោក Jurgen Klopp នឹងមានឱកាសលេងក្នុងយុទ្ធនាការពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ ប្រសិនបើបន្តយកឈ្នះក្រុមភ្ញៀវ Crystal Palace នៅថ្ងៃបិទបញ្ចប់រដូវកាលចុងសប្តាហ៍នេះ គ្រាដែលក្រុមលេខ៥ Leicester City ទាមទារជ័យជម្នះដាច់ខាតទៅលើក្រុមភ្ញៀវ Tottenham Hotspur នៅកីឡដ្ឋាន King Power។

នេះក៏ជាជ័យជម្នះលើកទី៤ ជាប់ៗគ្នាផងដែររបស់ហង្សក្រហម ក្រោយពេលជ្រុះពេញ Champions League ក្រោមថ្វីជើងរបស់ Real Madrid ពីក្នុងវគ្គ ៨ក្រុមចុងក្រោយពីការធ្វើបានសម្រេចរបស់កីឡាករ ៣នាក់ផ្សេងគ្នាផងដែររួមមាន Roberto Firmino, Phillips និង Oxlade-Chamberlain ដ្បិតពួកគេពុំបានឈ្នះពានណាមួយនោះទេក្នុងរដូវកាលឆ្នាំ២០២០-២០២១ នេះ។

ដូចគ្នានោះដែរ តោខៀវ Chelsea ដែលកំពុងនៅលេខ៣ នាំមុខ Liverpool និង Leicester City ត្រឹមតែ ១ពិន្ទុនោះ ក៏មិនត្រូវការចាញ់ ឬស្មើឡើយ ខ្លាចក្រែងអត់បានលេង UEFA Champions League 2021-2022 ដែលត្រូវប៉ះម្ចាស់ផ្ទះ Aston Villa មុនពេលពួកគេប៉ះក្រុមខ្លាំង Manchester City ដណ្តើមពាន Champions League រដូវកាលនេះនាថ្ងៃទី២៩ឈានចូល៣០ ខែឧសភា ឆ្នាំ២០២១៕