(អាមេរិក)៖ លោក Zhang Yiming សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ByteDance មេធំរបស់ Tiktok បានប្រកាសថាលោកនឹងលាលែងពីតំណែង ហើយលោក Rubo Liang សហស្ថាបនិកនឹងឡើងកាន់ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

លោក Yiming បានឲ្យដឹងថា លោក Liang សហស្ថាបនិក និងបច្ចុប្បន្នកាន់តំណែងប្រធានធនធានមនុស្ស នឹងឡើងកាន់តំណែង CEO ជំនួសលោក ហើយលោកនឹងបន្តការងារនេះរយៈពេល ៦ខែទៀត ហើយនឹងរកមនុស្សមួយចំនួនទៀតមកកាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន។

លោក Zhang Yiming បានបញ្ជាក់ថា ការលាឈប់របស់លោកគឺមិនមានបញ្ហា ឬសម្ពាធណាមួយទេ ពោលគឺលោកមើលឃើញថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែរីកចម្រើន និងត្រូវការមនុស្សដែលមានសមត្ថភាពជាច្រើនរូបទៀតមកជួយជ្រោមជ្រែង ដូច្នេះលោកសម្រេចចិត្តទុកឱកាសឲ្យអ្នកមានសមត្ថភាពមកដឹកនាំ៕