(ក្រុងឡុងដ៍)៖ Chelsea ដែលស្ថិតក្នុងលីគអង់គ្លេស Premier League បានកំពុងតែពិចារណាតម្លៃ ២៦លានផោន ចំពោះការសម្រេចនាំយកកីឡាករខ្សែការពារកណ្តាល Maxense Lacroix ពីក្លិបអាល្លឺម៉ង់ Wolfsburg បន្ទាប់ពីរូបគេបានបដិសេធកិច្ចសន្យាថ្មីជាមួយក្លិបនៃលីគ Bundesliga នោះ។

ក្រុមតោខៀវ Chelsea ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Thomas Tuchel បានកំពុងតែធ្វើការកែសម្រួលប្រព័ន្ធការពាររបស់ក្លិបចាប់តាំងពីខែមករា ដែលលោកកំពុងតែព្យាយាមទិញបន្ថែមខ្សែការពារទៀតនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ខណៈក្រៅពី Maxense ក៏នៅមានខ្សែការពារឆ្នើមៗ មានដូចជាខ្សែការពារ Raphael Varane របស់ក្លិប Real Madrid និងអតីតកូនសិស្សនៅក្លិបបារាំង PSG គឺកីឡាករ Marquinhos បានស្ថិតក្នុងបញ្ជីរួចហើយដែរ។

បច្ចុប្បន្នតំណាងក្លិប Chelsea ក៏បានកំពុងតែពិភាក្សាជាមួយអ្នកតំណាងផ្នែកទីផ្សាររបស់ Maxense ក្នុងការនេះផ្ទេរផងដែរ ដែលមានតម្លៃទាបជាងកីឡាករបារាំង Varane បន្ទាប់ពីខ្សែការពារកណ្តាល វ័យ ២១ឆ្នាំ Maxense បានបង្ហាញទម្រង់លេងយ៉ាងល្អនៅលីគ Bundesliga នាពេលកន្លងមក។ តម្លៃ ២៦លានផោននឹងកើតមានឡើងនៅពេល Wolfsburg ទទួលយកសំណើនេះ។

គួរបញ្ជាក់ផងថា ខ្សែការពារកណ្តាលសញ្ជាតិបារាំង Maxense មានកិច្ចសន្យាជាមួយក្លិប Wolfsburg រហូតដល់ឆ្នាំ២០២៤ តែថ្មីៗនេះរូបគេបានបដិសេធកិច្ចសន្យាថ្មី ដោយបច្ចុប្បន្នលេងបាន ២៩ប្រកួត និងរកបាន ១គ្រាប់ផងដែរ៕