(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសឲ្យដឹងថា ខ្លួននឹងបិទកម្មវិធី Internet Explorer ដែលជា Browser របស់ខ្លួនមានអាយុកាល ២៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់ទាំងអស់នឹងត្រូវប្ដូរមកប្រើកម្មវិធី Microsoft Edge ជំនួយវិញ ខណៈដែលកម្មវិធី Internet Explorer នឹងត្រូវបិទជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនបានបញ្ជាក់មូលហេតុច្បាស់ពីការបិទនោះទេ ប៉ុន្តែវាត្រូវបានគេមើលឃើញថា នៅក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ Internet Explorer ហាក់ដូចជាស្ទើតែបាត់មុខ ខណៈដែល Firefox និង Google Chrome Browser បាននាំមុខយ៉ាងខ្លាំង៕