(អាមេរិក)៖ ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ឥណ្ឌា បានស្នើទៅកាន់ក្រុមហ៊ុន Facebook ដែលជាមេធំរបស់ WhatsApp ឱ្យដកនូវគោលការណ៍ថ្មីរបស់ខ្លួនចេញ ខណៈដែលអ្នកប្រើប្រាស់ និងរដ្ឋាភិបាលឥណ្ឌាមានការព្រួយបារម្ភពីបញ្ហា សិទ្ធិឯកជនភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ប្រទេសដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតមួយនេះ បានបញ្ជាក់ឱ្យដឹងថា ខ្លួនបានផ្ញើលិខិតជាផ្លូវការមួយទៅកាន់ក្រុមហ៊ុន Facebook កាលពីថ្ងៃទី១៨ ខែឧសភា ដើម្បីឱ្យ Facebook ពិចារណាក្នុងការដក គោលការថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់ WhatsApp ធ្វើការចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយបណ្ដាញ សង្គម Facebook។

រដ្ឋាភិបាលឥណ្ឌាក៏បានបញ្ជាក់នៅក្នុងលិខិតនោះផងដែរថា បើសិនជា Facebook មិនបានដំណោះស្រាយ ឬធ្វើការតាមស្នើសុំរបស់ខ្លួននោះទេ រដ្ឋាភិបាលនឹងអនុវត្តវិធានការតាមផ្លូវច្បាប់ ដែលអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់អាជីវកម្មរបស់ Facebook និង WhatsApp។

ឥណ្ឌាត្រូវបានគេដឹងថា ជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់ WhatsApp រហូតដល់ជាង ៥០០លាននាក់ ដែលជាតួលេខច្រើនជាងគេបំផុត ហើយកាលពីដើមឆ្នាំ២០២១ ក៏មានអ្នកប្រើប្រាស់ជាច្រើនងាកមក ប្រើកម្មវិធី Telegram និងកម្មវិធីផ្សេងៗវិញ ដោយសារតែបញ្ហាច្បាប់ថ្មីនេះឯង។

គួរបញ្ជាក់ផងដែរថា WhatsApp បានដាក់ចេញគោលការណ៍ថ្មីដែលតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយនឹងបណ្ដាញសង្គម Facebook ដែលគោលការណ៍នេះត្រូវបានប្រកាសឡើង កាលពីចុងឆ្នាំ២០២០ និងបានទុកពេលឱ្យអ្នកប្រើប្រាស់ធ្វើការទទួលយកគោលការណ៍នេះត្រឹមថ្ងៃទី១៥ ខែឧសភា បើមិនដូច្នេះទេ ពួកគេនឹងមិនអាចប្រើប្រាស់ WhatsApp បានទៀតទេ ប៉ុន្តែ WhatsApp មិនលុប គណនីពួកគេចោលឡើយ៕