(ភ្នំពេញ)៖ ដើម្បីចូលរួមសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្វះខាត អំឡុងវិបត្តិកូវីដ-១៩ បុរីភ្នំពេញថ្មី បានបន្ដចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារទៀត នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។
កម្មវិធីសប្បុរសធម៌នេះ បានរៀបចំ និងដឹកនាំដោយលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ ដោយមានការសហការពីលោក ជុំ សារាយ ចៅសង្កាត់ភ្នំពេញថ្មី និងអាជ្ញាធរមូលដ្ឋាន ខណៈអំណោយខាងលើ សម្រាប់គ្រួសារនីមួយៗ ទទួលបានអង្ករ ១ប៉ាវ(ទម្ងន់ ២០គីឡូក្រាម), មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ(៦ដប) ម៉ាស់ ១ប្រអប់(មាន ៥០ម៉ាស់) និងឆៃប៉ូវ ១គីឡូក្រាម ។
សូមបញ្ជាក់ថា កន្លងមក ពិសេសអំឡុងវិបត្តិកូវីដ-១៩ បុរីភ្នំពេញថ្មី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រុក ខណ្ឌ ឃុំ សង្កាត់ ជួយដល់ប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាតជាច្រើនគ្រួសារមកហើយ ជាក់ស្ដែងកាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនបានហការជាមួយអាជ្ញាធរខណ្ឌសែនសុខ ចែកអំណោយដល់កម្មករ-កម្មការិនី និងប្រជាពលរដ្ឋក្រីក្រប្រមាណ ១,០០០គ្រួសារ ក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ ។
ឆ្លៀតឱកាសនោះ លោក ជុំ សារាយ បានសម្ដែងការអរគុណ ចំពោះបុរីភ្នំពេញថ្មី ដែលបានរួមចំណែកផ្ដល់អំណោយដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងមូលដ្ឋានរបស់ខ្លួន ។ លោកបានចាត់ទុកសកម្មភាពនេះគឺជាការចូលរួមមួយដ៏សំខាន់របស់វិស័យឯកជន ជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសជាតិ កំពុងរងនូវវិបត្តិកូវីដ-១៩ នាពេលបច្ចុប្បន្ន ។
សូមបញ្ជាក់ថា បុរីភ្នំពេញថ្មី គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយ ដែលតែងតែយកចិត្តទុកដាក់ក្នុងកម្មវីធីសប្បុរសធម៌ និងការងារសង្គម ជាក់ស្ដែងកន្លងមកក្រុមហ៊ុន បានចូលរួមស្ថាបនា និងសាងសង់ផ្លូវជាច្រើនខ្សែ ក្នុងក្រុងភ្នំពេញ ហើយចំពោះមុខ ក្រុមហ៊ុនក៏នឹងបន្ដជួយប្រជាពលរដ្ឋដែលខ្វះខាតក្នុងសង្កាត់ផ្សេងៗទៀត នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ ផងដែរ ៕