(ម៉ានីល)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao បានប្រកាសពីការឡើងសង្វៀនម្តងទៀតនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដោយត្រូវប៉ះគូប្រជែង Errol Spence Jr ក្រោយខកខានប្រកួតអស់រយៈពេល ២ឆ្នាំមកនេះ។
កីឡាករវ័យ ៤២ឆ្នាំ Pac Man បានប្រកាសនៅលើ Twitter របស់ខ្លួនថា រូបគេនឹងវាយទល់នឹង Spence ដែលជាជើងឯកកម្រិត Welterweight នាសង្វៀនដែលស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក បន្ទាប់ពីប្រកួតចុងក្រោយនៅទីនេះ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។
Spence ជាជើងខ្លាំងរបស់អាមេរិក ១រូបដែលប្រកួតបាន ២៧ដងមិនដែលចាញ់ឡើយ ថែមទាំងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ២១ដងផងដែរ ដ្បិតរូបគេមានអាយុប្អូនជាង Pacquiao ដល់ទៅ ១១ឆ្នាំឯណោះ។
ដំបូងឡើយ Manny Pacquiao ត្រូវបានគណៈកម្មការផ្គូផ្គងឲ្យជួបកីឡាករ Mikey Garcia តែក៏ត្រូវបានលុបចោលវិញ និងប្រកាសពីការប៉ះជើងខ្លាំងមិនទាន់ចាញ់ Errol Spence Jr ដែលមានវ័យ ៣១ឆ្នាំជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១៕