(ម៉ូស្គូ)៖ រុស្ស៊ី បានប្រកាសឲ្យអ្នកគាំទ្របរទេសនានាចូលទស្សនាបានសម្រាប់ការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2020 នៅទីក្រុង St. Petersburg ដោយមិនត្រូវការទិដ្ឋាការឡើយ។ នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការរៀបចំក្នុងតំបន់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះ។

រុស្ស៊ី បានកំណត់ការចូលរបស់ជនបរទេសទៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែការរីករាលដាលនៃជំងឺ COVID-19, ដោយអនុញ្ញាតតែពលរដ្ឋនៃបណ្តាប្រទេស ដែលបន្តការហោះហើរអន្តរជាតិ ដើម្បីឆ្លងកាត់ព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ។

«នៅក្នុងស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ននេះ ការបំលាស់ទីរបស់មនុស្សត្រូវបានកាត់បន្ថយ ហើយយើងបានជួបប្រជុំ និងបានដឹងដោយអាជ្ញាធរសហព័ន្ធ ហើយនឹងបើកទ្វារព្រំដែនសម្រាប់អ្នកដែលមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅរដូវក្តៅនេះដែរ» នេះបើតាម CEO គណៈកម្មាធិការរៀបចំក្នុងស្រុក លោក Alexei Sorokin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

លោក Sorokin បន្ថែមថា មន្ត្រី និងអ្នកចូលរួមព្រឹត្តិការណ៍នេះ ចាំបាច់ត្រូវអនុវត្តតាមវិធានការសុវត្ថិភាព និងត្រូវមានភាពអវិជ្ជមាននៃមេរោគ COVID-19។

ទីក្រុង St. Petersburg ដែលបានបញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឲ្យមានអ្នកទស្សនា ៥០ភាគរយនៃសមត្ថភាពផ្ទុករបស់កីឡដ្ឋាន សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ជើងឯក European Championship នោះ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតចំនួន៧ ផងដែរ។

ព្រឹត្តិការណ៍បាល់ទាត់ដែលមានក្រុមមកពី ២៤ប្រទេសចូលរួមនេះ នឹងចាប់ផ្តើមនៅខែក្រោយ បន្ទាប់ពីវាត្រូវបានពន្យារពេល ១ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19៕