(ក្រុងអាយរេស)៖ ការប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលីគអាហ្សង់ទីន ត្រូវបានពន្យារពេលយ៉ាងហោចណាស់ ១០ថ្ងៃចាប់ពីថ្ងៃសុក្រ ចំពេលដែលករណីឆ្លងថ្មីនៃជំងឺ COVID-19 កើនឡើងនៅក្នុងប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

សមាគមបាល់ទាត់អាហ្សង់ទីន បានប្រាប់ឲ្យដឹងថា ការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះ រវាងក្រុម Independiente និងក្រុម Colon ព្រមទាំងការប្រកួតរវាងក្រុម Boca Juniors និងក្រុម Racing នៅថ្ងៃអាទិត្យនេះ ក៏ត្រូវបានពន្យារពេលទាំង ២ប្រកួតដូចគ្នា។

«យើងកំពុងធ្វើការ...ដើម្បីរៀបចំឡើងវិញនូវការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ» នេះបើតាមការឲ្យដឹងពីអ្នករៀបចំកម្មវិធី។

ជាមួយគ្នានោះ ការប្រកួតលីគក្នុងស្រុកដទៃទៀត ក៏ត្រូវបានពន្យារពេលផងដែរ។

ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានប្រកាសនូវការបិទខ្ទប់ដ៏តឹងរឹងមួយនៅថ្ងៃព្រហស្បតិ៍ ដែលចាប់ផ្តើមអនុវត្តនាចុងសប្តាហ៍នេះ ហើយនឹងបញ្ចប់យ៉ាងហោចណាស់ដល់ថ្ងៃទី៣១ ខែឧសភា។

ការបិទខ្ទប់នេះ រួមបញ្ចូលទាំងការហាមឃាត់ការរៀបចំព្រឹត្តិការណ៍កីឡា សាសនា និងព្រឹត្តិការណ៍សង្គមផងដែរ បន្ថែមពីលើការបិទសាលារៀន និងការធ្វើពាណិជ្ជកម្មដែលមិនចាំបាច់នានា។

គួរបញ្ជាក់ថា មានមនុស្ស ៧២,៦៩៩នាក់ បានស្លាប់ដោយសារ COVID-19 នៅអាហ្សង់ទីន ជាមួយនឹងចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត បានកើតឡើងកាលពីដើមសប្តាហ៍នេះ៕