(ហ្សកដានី)៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូល ហៅ ខេស៊ី នឹងត្រូវជួបកីឡាការិនីប៉ាគីស្ថាន Zoya Sabir ក្នុងការប្រកួតជម្រុះកីឡាអូឡាំពិក ក្រុងតូក្យូ ឆ្នាំ២០២០ ដែលបានលើកមកឆ្នាំ២០២១ នាវេលាម៉ោង ៩ព្រឹក(ត្រូវនឹងម៉ោង ១រសៀលម៉ោងនៅកម្ពុជា) ថ្ងៃទី២២ ខែឧសភានេះនៅប្រទេសហ្ស៊កដានី។

ខេស៊ី គឺជាអត្តពលិកកម្ពុជាចុងក្រោយ ដែលត្រូវប្រកួតជម្រុះអូឡាំពិក ដោយនឹងត្រូវប្រកួតលើវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម។ បន្ទាប់ពីចាប់ឆ្នោតកាលពីល្ងាចថ្ងៃសុក្រ កីឡាការិនីខ្មែរ-អាមេរិករូបនេះ ត្រូវជួបកីឡាករ Sabir Zoya ក្នុងវគ្គជម្រុះ ១៦នាក់ ដើម្បីប្រជែងកៅអីវគ្គបន្ដ និងឈានទៅដណ្ដើមកៅអីអូឡាំពិក ក្រុងតូក្យូ ប្រទេសជប៉ុននាខែកក្កដាខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំនេះ ខេមរសហព័ន្ធតេក្វាន់ដូ WT បានបញ្ជូនអត្តពលិក ២រូបទៅចូលរួមប្រកួតនៅហ្ស៊កដានី រួមមានកីឡាករ វ៉ា មិថុនា និងកីឡាការិនី ថិប កាសាន់ទ្រីនីកូល តែ វ៉ា មិថុនា បានធ្លាក់ពីការប្រកួតទៅហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករឆាយនីតៃប៉ិ Liu Wei-ting ដោយលទ្ធផល ៣៨-៤ពិន្ទុ កាលពីម្សិលមិញ៕