(អាមេរិក)៖ តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិកវ័យ១៩ឆ្នាំ ដែលរកបានប្រាក់ចំណូលខ្ទង់លានដុល្លារ Billie Eilish នាពេលថ្មីៗនេះ បានប្រកាសពីគម្រោង ក៏ដូចជាថ្ងៃកំណត់រៀបចំព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ ដែលគ្រោងរៀបចំឡើងនៅឆ្នាំ២០២២ខាងមុខ ក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

តាមការប្រកាស តារាវ័យក្មេងជោគជ័យខ្លាំងក្នុងវិស័យចម្រៀង Billie Eilish ដែលគេស្គាល់ថាជាម្ចាស់ពានរង្វាន់ Grammy Award រូបនេះ នឹងសម្តែងនៅទីតាំង៣ផ្សេងគ្នាចាប់ពីថ្ងៃទី៤ ដល់ទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈមុនពេលសម្តែងនាងនឹងទៅកំសាន្តមួយយប់ក្នុងតំបន់ Belfast’s SSE ក្នុងថ្ងៃទី៣ ខែមិថុនា មុនការសម្តែងចាប់ផ្តើម។

ព្រឹត្តិការណ៍ដ៏សប្បាយរីករាយបំផុតរបស់ពិភពលោក នឹងចាប់ផ្តើមក្នុងទីក្រុង New Orleans សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងនឹងបិទបញ្ចប់នៅតំបន់ Zurich នៅក្នុងខែកក្កដា។

គួរជម្រាបថា តារាចម្រៀងវ័យក្មេងល្បីឈ្មោះរបស់អាមេរិក Billie Eilish ត្រូវបានគេដឹងថាមានភាពជោគជ័យយ៉ាងខ្លាំងក្នុងវិស័យចម្រៀង ខណៈកាលពីឆ្នាំ២០២០ កន្លងទៅនេះ នាងបានក្លាយជាតារាចម្រៀងវ័យក្មេងបំផុត ក្នុងការសរសេរ និងថតបទចម្រៀង ចំណងជើងថា «No Time To Die» ដែលចម្រៀងនេះត្រូវបានយកទៅចាក់ក្នុងខ្សែភាពយន្តល្បីរបស់ James Bond។ ក្រៅពីនេះ តារាវ័យក្មេង Billie Eilish ក៏ទទួលបានជោគជ័យជាខ្លាំង តាមរយៈស្នាដៃចម្រៀងរបស់គេ ដ៏ទៀតផងដែរ៕