(កូរ៉េ)៖ បទចម្រៀងថ្មី ដែលច្រៀងជាភាសាអង់គ្លេសរបស់ក្រុម K-POP បុរស BTS ចំណងជើងថា «Butter» ទទួលបានជោគជ័យយ៉ាងអស្ចារ្យបន្ថែមទៀត សម្រាប់ក្រុមមួយនេះ ខណៈបញ្ចេញបានរយៈពេល២៤ម៉ោង ចំនួនអ្នកទស្សនាក្នុង YouTube គឺកើនឡើងជាង ១០០លានដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

បទចម្រៀង «Butter» ត្រូវបានគេដឹងថា ជាប្រភេទចម្រៀងជាភាសាអង់គ្លេសលើកទី២ របស់ក្រុម BTS ខណៈបទទីមួយគឺមានចំណងជើងថា «Dynamite»។ បទ «Butter» បានបញ្ចេញនៅវេលាម៉ោង ១ល្ងាច (ពេលវេលានៅកូរ៉េ) ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ហើយគិតមកទល់នឹងវេលាម៉ោង ១ល្ងាច (ពេលវេលានៅកូរ៉េ) ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គឺមានរយៈពេល២៤ម៉ោង និងបានកើនឡើងចំនួនអ្នកទស្សនារហូតដល់ ១១២,៨៥៥,១៦៧ ដងលើបណ្តាញសង្គម YouTube។

ថ្វីត្បិតតែ YouTube មិនទាន់បញ្ជាក់ពីចំនួនអ្នកចូលទស្សនាផ្លូវការក្នុងរយៈពេល២៤ម៉ោង នៃចម្រៀងមួយនេះក្តី តែអ្នកគាំទ្រ និងអ្នកតាមដានចម្រៀងកូរ៉េមើលឃើញថា ចម្រៀងមួយបទនេះ នឹងបំបែកកំណត់ត្រា ក្លាយជាចម្រៀងដែលមានអ្នកចូលទស្សនាច្រើនបំផុតលើ YouTube ក្នុងរយៈពេល២៤ម៉ោង៕