(ហ្ស៊កដានី)៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូល ហៅ ខេស៊ី បានឡើងវគ្គ ៨នាក់ចុងក្រោយ នៃការប្រកួតជម្រុះអូឡាំពិកហើយ បន្ទាប់ពីផ្ដួលកីឡាការិនីប៉ាគីស្ថាន Zoya Sabir ដោយលទ្ធផល ៣៩-១ពិន្ទុនារសៀលថ្ងៃទី២២ ខែឧសភានេះ នៅប្រទេសហ្ស៊កដានី។

ការប្រកួតជម្រុះដំបូងលើវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាមនេះ កីឡាការិនីខ្មែរ-អាមេរិក ថិប កាសាន់ទ្រីនីកូល ធ្វើបានយ៉ាងល្អ ក្នុងការយកឈ្នះកីឡាការិនីប៉ាគីស្ថាន ពោលគឺប្រើពេលប្រកួតតែ ២វគ្គប៉ុណ្ណោះដើម្បីផ្ដួល Zoya Sabir ដោយលទ្ធផល ៣៩-១ពិន្ទុ។

តាមរយៈជ័យជម្នះនេះបានធ្វើឲ្យកីឡាការិនី ថិប កាសាន់ទ្រីនីកូល ឡើងវគ្គ ៨នាក់ចុងក្រោយដោយត្រូវជួបកីឡាការិនីម្ចាស់ផ្ទះហ្ស៊កដានី Hamaidi Natali ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជាឈានទៅប្រជែងកៅអីអូឡាំពិក ក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ដែលលើកមកឆ្នាំ២០២១ នាខែកក្កដាខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំនេះ ខេមរសហព័ន្ធតេក្វាន់ដូ WT បានបញ្ជូនអត្តពលិក ២រូបទៅចូលរួមប្រកួតនៅហ្ស៊កដានី រួមមានកីឡាករ វ៉ា មិថុនា និងកីឡាការិនី ថិប កាសាន់ទ្រីនីកូល តែ វ៉ា មិថុនា បានធ្លាក់ពីការប្រកួតទៅហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករឆាយនីតៃប៉ិ Liu Wei-ting ដោយលទ្ធផល ៣៨-៤ពិន្ទុ កាលពីម្សិលមិញ៕