(ហ្ស៊កដានី)៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូល ហៅ ខេស៊ី បានធ្លាក់ពីការប្រកួតជម្រុះកីឡាអូឡាំពិក ក្រុងតូក្យូ ឆ្នាំ២០២០ ដែលលើកមកឆ្នាំ២០២១ នេះហើយ បន្ទាប់ពីបរាជ័យទាំងប្រផិតប្រផើយ ក្រោមថ្វីជើងកីឡាការិនីម្ចាស់ផ្ទះហ្ស៊កដានី Hamaidi Natali ដោយលទ្ធផល ៥-៣ពិន្ទុនៅរសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភានេះ។

ជំនួបក្នុងវគ្គ ៨នាក់ចុងក្រោយនេះ បានបញ្ចប់ដោយភាពតានតឹងបំផុត បន្ទាប់ពីចំណាយពេលប្រកួតរហូតដល់ ៣វគ្គ។ សម្រាប់វគ្គទី១ កីឡាការិនីកម្ពស់បានទាំងពីរ មិនអាចរកពិន្ទុបានឡើយ ខណៈចូលវគ្គទី២ កីឡាករម្ចាស់ផ្ទះ រកបាន ៣ពិន្ទុនាំមុខមុន។ ប៉ុន្ដែចូលវគ្គទី៣ កីឡាការិនីខ្មែរ-អាមេរិក ខេស៊ី ក៏ព្យាយាមវាយបកបាន ២ពិន្ទុមកវិញ តែគួរឲ្យស្ដាយនៅចុងម៉ោង Hamaidi Natali បានបន្ថែម ២ពិន្ទុទៀត ដើម្បីយកឈ្នះលើកីឡាការិនីកម្ពុជាតែម្ដង។

ក្រោយការបរាជ័យនេះ កីឡាការិនីមានឪពុកកូនកាត់ខ្មែរ-អាមេរិក និងម្ដាយកូនកាត់អាមេរិក-ម៉ិចស៊ិក ថិប កាសាន់ទ្រីនីកូល ហាក់មានការសោកស្ដាយជាខ្លាំង ដែលមិនអាចដណ្ដើមកៅអីអូឡាំពិក ក្រុងតូក្យូជូនប្រទេសកម្ពុជាបាន ស្របពេលកីឡាការិនីម្ចាស់ផ្ទះ Hamaidi Natali បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាវគ្គដ៏សំខាន់ពោលគឺនាងឈ្នះ ១ប្រកួតទៀត កីឡាការិនីហ្ស៊កដានីរូបនេះ នឹងទទួលបានកៅអីកៅអីតែម្ដង លើវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម។

សូមបញ្ជាក់ថា ការប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំនេះ ខេមរសហព័ន្ធតេក្វាន់ដូ WT បានបញ្ជូនអត្តពលិក ២រូប ទៅចូលរួមប្រកួតនៅហ្ស៊កដានី រួមមានកីឡាករ វ៉ា មិថុនា និងកីឡាការិនី ថិប កាសាន់ទ្រីនីកូល ប៉ុន្ដែអ្នកទាំងពីរ បានធ្លាក់ពីការប្រកួតជម្រុះហើយ បន្ទាប់ពីកីឡាករ វ៉ា មិថុនា បរាជ័យក្នុងការប្រកួតដំបូងរបស់ខ្លួន លើវិញ្ញាសាទម្ងន់ក្រោម ៨០គីឡូក្រាម ក្រោមថ្វីជើងកីឡាករឆាយនីតៃប៉ិ Liu Wei-ting ដោយលទ្ធផល ៣៨-៤ពិន្ទុ កាលពីម្សិលមិញ៕