(ហ្ស៊ូរិច)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានកំពុងសិក្សាពីគម្រោងរៀបចំព្រឹត្តិការណ៍ World Cup ៤ឆ្នាំមកនៅត្រឹម ២ឆ្នាំម្តងវិញ ក្រោយទទួលការគាំទ្រដ៏ច្រើនលើសលប់នៅក្នុងការបោះឆ្នោតនាសមាជប្រចាំឆ្នាំកាលពីថ្ងៃសុក្រ។

គម្រោងការថ្មីនេះ គឺត្រូវបានលើកឡើងដំបូងគេរបស់លោក Yasser Al Misehal ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់មកពីប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ដែលត្រូវបានបោះឆ្នោតគាំទ្រដល់ទៅ ១៦៦សំឡេងទល់នឹង ២២សំឡេងក្នុងចំណោមសមាជិកពេញអង្គរបស់ FIFA។

តែយ៉ាងណា FIFA ក៏បានកំពុងសិក្សាពីលទ្ធភាពដែលអាចទៅរួចគួបផ្សំនឹងសុខភាពពិភពលោកនាពេលបច្ចុប្បន្នដែលកំពុងញាំញីដោយវិបត្តិជំងឺ COVID-19, កម្មវិធីប្រកួតលីគនៅតាមបណ្តាប្រទេសនានា និងបញ្ហាហិរញ្ញវត្ថុជាដើម។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ត្រូវបាន FIFA រៀបចំឡើង ២១សម័យកាលមកហើយរៀងរាល់រយៈពេល ៤ឆ្នាំម្តង ហើយមានតែ ២តំបន់ប៉ុណ្ណោះដែលឈ្នះជើងឯក គឺទ្វីបអឺរ៉ុប (UEFA) និងអាមេរិកឡាទីន (CONMEBOL) នៅពេលដែល World Cup 2022 ធ្វើនៅប្រទេសកាតា និងឆ្នាំ២០២៦ ធ្វើនៅសហម្ចាស់ផ្ទះកាណាដា មិចស៊ិក និងសហរដ្ឋអាមេរិក គឺមាន ៤ឆ្នាំម្តងដូចគ្នា៕