(កូរ៉េ)៖ ខ្សែភាពយន្ត និងតារាសម្តែងរបស់កូរ៉េ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានភាពលេចធ្លោរយ៉ាងខ្លាំងលើឆាកអន្តរជាតិ ដែលរហូតមកទល់នឹងពេលនេះបាននឹងកំពុងតែត្រូវបាន អ្នកក្នុងវិស័យហូលីវូដចាប់អារម្មណ៍តែម្តង។ ជាក់ស្តែងដូចរឿង «Parasite» ដែលឈ្នះពានរង្វាន់ Oscar និង តារាសម្តែងជើងចាស់កូរ៉េ Youn Yuh Jung ដែលទើបអ្នកពានរង្វាន់ Oscar ជាដើម។

ខាងក្រោមនេះ គឺជាខ្សែភាពយន្តល្បីៗ និងតារាសម្តែងលេចធ្លោរ ដែលត្រូវបានវិស័យហូលីវូដចាប់អារម្មណ៍៖

ទី១៖ រឿង « Minari», ខ្សែភាពយន្តកូរ៉េមួយនេះមានភាពលេចធ្លោរយ៉ាងខ្លាំង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscar នៅសហរដ្ឋអាមេរិក ជាមួយនឹងលទ្ធផលគួរជាទីមោទន។ ខ្សែភាពយន្តនេះ គឺនិយាយពីគ្រួសារជនជាតិកូរ៉េមួយក្រុមធ្វើអន្តោប្រវេសន៍ និងតស៊ូជំនះឧបសគ្គដើម្បីរស់រានមានជីវិតបន្ត។ តារាសម្តែងក្នុងភាពយន្តនេះ ដែលគេចាប់អារម្មណ៍ខ្លាំង គឺតារាជើងចាស់ Youn Yuh Jung ចំពោះការសម្តែងរបស់លោកស្រី រហូតបានបំបែកកំណត់ត្រា ក្លាយជាតារាសម្តែងស្រីជនជាតិកូរ៉េដំបូងបង្អស់ដែលឈ្នះពានរង្វាន់ SAG, BAFTS និង Oscar ផ្នែកតួរងល្អបំផុត។

ទី២៖ រឿង «Parasite», មុននឹងរឿង «Minari» ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកចាប់អារម្មណ៍ គឺមានរឿង «Parasite» ដែលបានបង្កើតភាពលេចធ្លោរ។ ខ្សែភាពយន្តមួយនេះ បានក្លាយជារឿងមិននិយាយភាសាអង់គ្លេសដំបូងបង្អស់ ដែលបានឈ្នះពានរង្វាន់ Oscar ផ្នែកភាពយន្តល្អបំផុត និងបានក្លាយជាភាពយន្តកូរ៉េដំបូង ដែលឈ្នះពានរង្វាន់ Golden Globe ក៏ដូចជាពានរង្វាន់ SAG។ លោក Song Kang Ho បានក្លាយជាតារាសម្តែងលេចធ្លោរក្នុងរឿង «Parasite» នេះ។ Song Kang Ho មានភាពជោគជ័យយ៉ាងមហិមាលើភាពយន្តកូរ៉េ ដូចជារឿង «The Good, the Bad, the Weird» និងរឿង «A Taxi Driver»។

ទី៣៖ តារាសម្តែងប្រុស Lee Byun Hun, តារាភាពយន្តកូរ៉េរូបនេះ ក៏បានជ្រៀតចូលក្នុងចំណាប់អារម្មណ៍ អ្នកក្នុងវិស័យហូលូវីដមិនស្ទើរដែរ។ លោកបានសម្តែងរឿងល្បីៗ «G.I.Joe» និងរឿង «The Magnificent Seven»។ លោកក៏បានក្លាយជាតារាប្រុសកូរ៉េដំបូងបង្អស់ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពានរង្វាន់ Academy Awards ផងដែរ។

ទី៤៖ តារាសម្តែង Bae Doona, តារាស្រីរូបនេះក៏ជាសិល្បករក្នុងផលិតកម្មមួយរបស់ហូលីវូដផងដែរ។ ចាប់តាំងពី Netflix និងភាពយន្តកូរ៉េចាប់ផ្តើមធ្វើការជាមួយគ្នា មានតារាភាពយន្តជាច្រើនត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ។ ជាក់ស្តែងតារាស្រី Bae Doona ត្រូវបានបោះឆ្នោត ក្លាយជានារីដែលឆ្នើមបំផុតក្នុងទូរទស្សន៍ កាលពីឆ្នាំ២០១៧ ដោយកាសែត The New York Time ខណៈដែលរឿង «Kingdom» នៅលើ Netflix មានការចាប់អារម្មណ៍និងគាំទ្រច្រើនពីប្រជាជនអាមេរិក។

ទី៥៖ តារាប្រុស Ma Dong Seok, តារាភាពយន្តរបស់កូរ៉េរូបនេះ ទទួលបានការគាំទ្រ និងចាប់អារម្មន៍យ៉ាងខ្លាំង តាមរយៈសម្តែងក្នុងរឿង «Train to Busan» និងរឿង «Along With the Gods» ដែលធ្វើឲ្យលោកបច្ចុប្បន្នទទួលបានតំណែងមួយក្នុងរឿង Hollywood និងក្លាយជាសមាជិក «Marvel Cinematic Univers» ជាផ្លូវការ។

ក្រៅពីតារាទាំង៥ខាងលើ គឺមានសិល្បករ-សិល្បការិនីកូរ៉េជាច្រើនទៀត ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់វិស័យ Hollywood។ ភាគច្រើននៃសិល្បករទាំងនោះ គឺបានបង្កើតភាពលេចធ្លោរតាមរយៈស្នាដៃរបស់ពួកគេ ក្នុងភាពយន្តល្បីៗកូរ៉េ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីវិស័យហូលីវូដ គេកត់សម្គាល់ឃើញថា ស្នាដៃភាពយន្តមកពីបណ្តាប្រទេសនានានៅអាស៉ី បាននឹងកំពុងតែមានការអភិវឌ្ឈន៍គួរឲ្យកត់សម្គាល់ ដោយបានដណ្តើមពានរង្វាន់លំដាប់ពិភពលោកជាបន្តបន្ទាប់៕