(ប៊ែកឡាំង)៖ លោក Hansi Flick ដែលទើបលាឈប់ពីក្លិបអាជីព Bayern Munich បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ រយៈពេល ៣ឆ្នាំ ដើម្បីជំនួសកៅអីលោក Joachim Low នៅក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro 2020។
បុរសសញ្ជាតិអាល្លឹម៉ង់ វ័យ ៥៦ឆ្នាំ Flick ក៏ធ្លាប់បានធ្វើជាជំនួយការលោក Low នៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ នៅពេលអាល្លឺម៉ង់ឈ្នះជើងឯក World Cup 2014 នាប្រទេសប្រេស៊ីលដែរ។
យោងតាមព័ត៌មានពី AFP បានចេញផ្សាយថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB បានពិចារណាទៅលើបេក្ខភាពលោក Flick ជាយូរមកហើយក្នុងការជំនួសកន្លែងលោក Joachim Low ដែលដឹកនាំរយៈពេល ១៥ឆ្នាំមកនេះ គ្រាដែល Flick បានដឹកនាំ Bayern Munich ឈ្នះពានដល់ទៅ៧ បន្ទាប់ពីតែងតាំងជាគ្រូបង្វឹកនៃក្លិបខ្លារខិនមួយនេះកាលខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ Hansi Flick នឹងមានបេសកកម្មដឹកនាំអាល្លឹម៉ង់លេងវគ្គជម្រុះ World Cup 2022 និង Euro 2024 ដែលអាល្លឹម៉ង់ នឹងធ្វើម្ចាស់ផ្ទះផងដែរ៕