(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកបឹងកេត បន្ដកំណត់ត្រាចាញ់ ១ប្រកួតទៀតហើយ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប នៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ នាំឲ្យអង្គរថាយហ្គឺរ រក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ន និងមិនទាន់ស្គាល់ចាញ់ឡើយ។
ជំនួបបង្គ្រប់សប្ដាហ៍ទី៣ នេះវគ្គទី១ មិនមានការស៊ុតបញ្ចូលទីគ្នាឡើយ ហើយវគ្គទី២ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ខណៈនៅនាទី៦២ ដោយមានការបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ពីខ្សែការពារបឹងកេត ទេស សម្បត្តិ បានផ្ដល់ឱកាសឲ្យក្រុមអង្គរថាយហ្គឺរ រកគ្រាប់បាល់នាំមុខ ១គ្រាប់តាមរយៈការទាល់បាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធប្រេស៊ីល Da Cruz ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុមនាគខៀវបឹងកេត ព្យាយាមវាយបក តែមិនបានសម្រេច។
តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមចំណាត់ថ្នាក់លេខ៧ ឆ្នាំចាស់ អង្គរថាយហ្គឺរ បន្ដឈរកំពូលតារាងបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី៥ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុតាមពីក្រោយដោយក្រុមសិង្ហក្រហមភ្នំពេញក្រោន ដែលរកបាន ១២ពិន្ទុ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា។
ចំណែកក្រុមបឹងកេត បានបន្ដបរាជ័យលើកទី៣ ក្នុងចំណោម ៣ប្រកួតដំបូងនារដូវកាលថ្មីនេះ ពោលគឺក្រុមជើងឯកឆ្នាំចាស់ និងជាបេក្ខភាពលេងពាន AFC Cup 2021 នៅមិនទាន់មានពិន្ទុរាប់នៅឡើយ៕