(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធពាក់លេខ១០ Sadio Mane រកបាន ២គ្រាប់ម្នាក់ក្នុងជ័យជម្នះ ២-០ ទៅលើក្រុមភ្ញៀវ Crystal Palace នៅថ្ងៃបិទរដូវកាលនារាត្រីថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ក្នុងការជួយស្រោចស្រង់ Liverpool បានកៅអីលេងនៅ UEFA Champions League សម្រាប់រដូវកាលក្រោយ។
ទាំង ២គ្រាប់របស់កីឡាករអន្តរជាតិសេណេហ្គាល់ខាងលើនេះកើតឡើងនៅនាទី៣៦ និងនាទី៧៤ ពីការជ្រោមជ្រែង Roberto Firmino និង Mohamed Salah នៅកីឡដ្ឋាន Anfield ក្នុងប្រកួតសប្តាហ៍ទី៣៨ ជើងទី២ របស់ពួកគេ ក្រៅពីមិនឈ្នះពានអ្វីសោះក្នុងរដូវកាល ២០២០-២០២១ នេះ។
៣ពិន្ទុក្នុងដី និងជាជ័យជម្នះលើកទី៤ ជាប់ៗគ្នាចុងក្រោយនេះ បានធ្វើឲ្យក្រុមជើងឯក Premier League ឆ្នាំចាស់ ហង្សក្រហម Liverpool បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុដោយមាន ៦៩ពិន្ទុនាំមុខក្រុមលេខ៤ Chelsea ២ពិន្ទុ តែបានចាញ់ក្រុមកំពូលតារាង ដែលជាជើងឯក Manchester City ដល់ទៅ ១៧ពិន្ទុ។
ចំណែកឯគូប្រជែង Crystal Palace វិញ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៤ ដោយមាន ៤៤ពិន្ទុបន្តលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាល ២០២១-២០២២ ទៀត គ្រាដែល Fulham, West Bromwich Albion និង Sheffield United ត្រូវបានកាត់ចេញទៅលេងនៅ Championship វិញ ដោយសារបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង៕