(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវចេញទៅប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នៅប្រទេសបារ៉ែននាដើមខែមិថុនាខាងមុខហើយ គឺមានកីឡាករចំនួន ២៤នាក់ក្នុងនោះក៏មានវត្តមានកីឡាករកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា ដែលមានវ័យទើប ១៧ឆ្នាំផងដែរ។

បញ្ជីឈ្មោះក្រុមគោព្រៃកម្ពុជាដែលដឹកនាំដោយគ្រូបង្វឹកថ្មីសញ្ជាតិជប៉ុន លោក Ryu Hirose រួមមានកីឡាករវិសាខា ៦រូប, ក្លិបបឹងកេត ៥រូប, ខណៈក្លិបណាហ្គាវើលដ៏ ព្រះខ័នរាជស្វាយរៀង និងក្លិបភ្នំពេញក្រោន មានសមាជិក ៣រូបៗដូចគ្នា។ ចំណែក ៤នាក់ទៀត សុទ្ធតែជាកីឡាករវ័យក្មេងរបស់ខេត្តព្រៃវែង រួមមាន វុធ តុលា, ញឹម លីហួរ, ស រតនា និងកីឡាករវ័យក្មេងជាងគេ ឡេង ណូរ៉ា។

តាមគម្រោងក្រុមជម្រើសជាតិកម្ពុជា នឹងចាកចេញទៅប្រទេសបារ៉ែននៅយប់ថ្ងៃទី២៧ ខែឧសភាខាងមុខ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមការប្រកួតសេសសល់ ៣ប្រកួតចុងក្រោយនៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ពូល C នៅទីនោះតែម្ដង។

សម្រាប់កម្មវិធីប្រកួត ៣ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា រួមមាននៅថ្ងៃទី០៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា), ថ្ងៃទី០៧ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់ នាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់នៅម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូល C ក្រុមជម្រើសជាតិអ៊ីរ៉ាក់ កំពុងឈរកំពូលតារាង ដោយមាន ១១ពិន្ទុក្នុងដៃ គ្រាដែលបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ហើយក្រុមខ្លាំងអ៊ីរ៉ង់ ដែលនៅសល់ ៤ប្រកួតក្នុងដៃ កំពុងឈរលេខ៣ និងមាន ៦ពិន្ទុ។ ចំណែកកម្ពុជា ឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លយកាត់ ៥ប្រកួត ស្មើ១ និងចាញ់៤ កាលពីឆ្នាំ២០១៩ កន្លងទៅ៕