(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានទទួលជំនួយសម្ភារៈហ្វឹកហាត់ពីសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុន សរុបទឹកប្រាក់ខ្ទង់ ១ម៉ឺនដុល្លារ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចូលរួមរួមចំណែកគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាកាយសម្ព័ន្ធកម្ពុជា។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា សម្ភារៈហ្វឹកហាត់ ដែលផ្ដល់ដោយសហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុន រួមមានឧបករណ៍កង (Ring) ១សិត, សេះកង (Pommel Horse) ១សិត, របាហ្នឹង (High Bar) ១សិត, ស្នួលំហ្នឹង (Beam) ១ និងរបាទាបខ្ពស់ (Uneven Bars) ១ ដែលសរុបទឹកប្រាក់ប្រហែល ១ម៉ឺនដុល្លារ។

លោកបន្ដថា ការទទួលបានជំនួយសម្ភារៈហ្វឹកហាត់ពីបរទេសនេះ កើតឡើងដោយសារការមានកិច្ចសហប្រតិបត្តិការអន្ដរជាតិល្អ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ ពិសេសទំនាក់ទំនងជាប្រទេសធំមួយចំនួនដូចជាចិន ជប៉ុន កូរ៉េ និងរុស្ស៊ីជាដើម ដែលតែងជួយដល់កីឡាកាយសម្ព័ន្ធកម្ពុជាជារឿយៗ។

លោកថា «ចំពោះសម្ភារៈទទួលបានពីជប៉ុន គឺជាកិច្ចសហការមួយដែលយើងមានទំនាក់ទំនងជាយូរអង្វែងមកហើយ។ ហើយបើនិយាយពីបច្ចេកទេស យើងពិតជាត្រូវការឧបករណ៍ជំនាញស្ដង់ដារ។ កាលណាយើងមានឧបករណ៍ជំនាញស្ដង់ដារ គឺជាជ្រុងមួយដ៏សំខាន់ ដើម្បីជំរុញ និងបង្កើតគុណផលកីឡាឲ្យបានល្អប្រសើរ ពិសេសលក្ខណៈបច្ចេកទេសនៃកីឡាកម្រិតខ្ពស់»។

យ៉ាងណាមិញក្រោយទទួលបានសម្ភារៈខាងលើ សហព័ន្ធនៅមិនទាន់ធ្វើការដំឡើង ឬរៀបចំនៅមូលដ្ឋានរបស់ខ្លួន ពោលគឺនៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិនោះទេ ដ្បិតទីតាំងនេះកំពុងត្រូវបានរាជរដ្ឋាភិបាល សម្រេចយកប្រើប្រាស់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅឡើយ។ ចំណែកកីឡាករ-កីឡាការិនីជម្រើសជាតិ ត្រូវបានប្ដូរទីតាំងទៅហ្វឹកហាត់ជាលក្ខណៈស្វ័យបុគ្គល នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាបណ្ដោះអាសន្នសិន។

ប៉ុន្ដែលោក ណយ ផាណា រំពឹង និងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្ថានភាពជំងឺកូវីដ-១៩ នឹងមានការវិវត្តន៍ទៅរកភាពល្អប្រសើរនាពេលឆាប់ៗខាងមុខ ហើយបន្ទាប់ពីពហុកីឡដ្ឋានជាតិ ត្រូវបានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំកីឡាឡើងវិញ សហព័ន្ធនឹងរៀបចំនូវសម្ភារៈហ្វឹកហាត់ថ្មីខាងលើ ដើម្បីជំរុញ និងពង្រឹងការហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខ៕