(ភ្នំពេញ)៖ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានកំពុងធ្វើការ និងរកដំណោះស្រាយលើករណីកីឡាករព្រះខ័នរាជស្វាយរៀង Pirvat Mbarga ដែលអះអាងថា មានកីឡាករគូប្រជែងម្នាក់នៃក្លិបបាល់ទាត់វិសាខា បានប្រើប្រាស់ពាក្យរើសអើងជាតិសាសន៍លើខ្លួន ក្នុងជំនួបលីគកំពូលកម្ពុជា ដែលវិសាខាឈ្នះស្វាយរៀង ៣-២ កាលពីចុងសប្ដាហ៍កន្លងទៅ។
ជុំវិញរឿងដ៏រសើប និងមានប្រតិកម្មខ្លាំងលើបណ្ដាញសង្គមនេះ លោក ឈូក ពិសិដ្ឋ បានបញ្ជាក់ថា «អ្វីដែលខ្ញុំអាចឆ្លើយតបបានឥឡូវនេះ គឺយើងកំពុងធ្វើការងារនេះតាមនីតិវិធី និងកិច្ចការងាររដ្ឋបាល ហើយនឹងមានការកោះហៅពួកគាត់មកសាកសួរឲ្យដឹងខុសត្រូវ តើវាជាបញ្ហាអ្វីឲ្យប្រាកដ ដើម្បីស្វែងរកដំណោះស្រាយ ព្រោះជាបញ្ហាមួយដែលយើងមិនចង់ឲ្យមាន ហើយយើងចង់ស្វែងរកដំណោះស្រាយណាមួយ ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចទទួលបានទាំងអស់គ្នា»។
អ្នកចាត់ការក្រុមគោព្រៃកម្ពុជាដដែលបន្ថែមថា «ការងារហ្នឹង យើងកំពុងដំណើរការ ហើយយើងនឹងផ្ដល់ព័ត៌មានទៅសាធារណៈជនក្នុងពេលឆាប់ៗ។ ជារួមការងារទាំងអស់ហ្នឹង យើងកំពុងធ្វើការ យើងអត់មានទុកចោលទេ ហើយថ្នាក់ដឹកនាំ ក៏គាត់បានដឹង ចឹងយើងកំពុងចាត់ចែងការងារនេះតាមបច្ចេកទេសរបស់សហព័ន្ធ ក៏ដូចជាគណៈកម្មការប្រកួតផ្សេងៗ»។
គួរដឹងថា កាលពីល្ងាចថ្ងៃទី២៣ ខែឧសភាម្សិលមិញ កីឡាករសញ្ជាតិកាមេរ៉ូន Privat បានសរសេររៀបរាប់លើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ការប្រកួតប្រជែងគឺជាផ្នែកមួយនៃបាល់ទាត់ ប៉ុន្តែនៅពេលគូប្រជែងនិយាយរើសអើងពូជសាសន៍ចំពោះខ្ញុំ នោះវាក្លាយជារឿងហួសហេតុពេក។ នៅក្នុងការប្រកួតថ្ងៃសៅរ៍ កីឡាករ វិសាខា បាននិយាយ ដាក់ខ្ញុំថា "you’re a fucking black guy” ច្រើនជាង ១ដង។ ពេលខ្លះ ការប្រើពាក្យឡកឡឺយដាក់កីឡាករដទៃ គឺជាផ្នែកមួយនៃការប្រកួត ប៉ុន្តែពេលដែលអ្នកក្លាយជាអ្នករើសអើងពូជសាសន៍ គឺជាអ្វីដែលមិនអាចទទួលយកបាន»។
ម្ចាស់ស្បែកជើងមាស ២សម័យដដែលបន្ថែមថា «ខ្ញុំជឿថាគួរតែមានការដាក់ទណ្ឌកម្ម ចំពោះអ្នកធ្វើទង្វើនេះ ព្រោះមិនមានកន្លែងសម្រាប់ការរើសអើងជាតិសាសន៍នៅក្នុងបាល់ទាត់ ឬក្នុងជីវិតទេ។ យើងទាំងអស់គ្នាជាមនុស្សដូចគ្នា មិនថាស្បែករបស់យើងពណ៌អ្វីនោះទេ។ នេះហើយជាមូលហេតុដែលនៅក្នុងវីដេអូនេះអ្នកឃើញប្រតិកម្មរបស់ខ្ញុំខឹងខ្លាំង ហើយខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបាន ពីព្រោះការរើសអើងពូជសាសន៍នេះ មិនគួរអត់ឱនឲ្យឡើយ»។
បន្ទាប់ពីឃើញកីឡាករ Privat បង្ហោះបែបនេះ គេឃើញអ្នកគាំទ្រជាច្រើនបានប្រតិកម្មទៅលើរឿងនេះ ហើយមានអ្នកគាំទ្រខ្លះ បានស្នើឲ្យមានការបកស្រាយច្បាស់លាស់ពីភាគីពាក់ព័ន្ធ ដើម្បីចៀសវាងការវិនិច្ឆ័យខុសការពារលើបណ្ដាញសង្គម ពិសេសមានអ្នកគាំទ្រជាច្រើន បានស្នើឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ធ្វើការដោះស្រាយលើរឿងនេះ។
យ៉ាងណាមិញនៅល្ងាចថ្ងៃដដែល ក្លិបវិសាខាបានបង្ហោះសារខ្លីមួយបដិសេធលើរឿងនេះ ដោយបញ្ជាក់ថា «ក្លិបរបស់យើងសូមធ្វើការបដិសេធ និងសំណូមពរឲ្យមានការស្រាវជ្រាវឲ្យបានច្បាស់លាស់ទាក់ទងអំពីបញ្ហានេះ ចៀសវាងការកាត់សេចក្តីទៅលើកីឡាកររបស់យើង ដោយស្តាប់តែភាគីម្ខាងដោយគ្មានភស្តុតាងមកបញ្ជាក់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់កីឡាករ និងក្លិបយ៉ាងខ្លាំង ពីព្រោះថាក្លិបរបស់យើង គឺមានបុគ្គលិក និងកីឡាករចម្រុះជាតិសាសន៍ ដែលកំពុងសហការគ្នាយ៉ាងស្អិតរមួតក្រោមដំបូលគ្រួសារតែមួយ»៕