(កូរ៉េ)៖ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្ត្រីប្រចាំឆ្នាំ «Billboard Music Awards» សម្រាប់ឆ្នាំ២០២១ បានប្រកាសពីអ្នកឈ្នះពានរង្វាន់ផ្នែក Top Selling Song គឺបានទៅលើក្រុមចម្រៀង BTS ក្នុងចម្រៀង «Dynamite»។ ក្រៅពីពានរង្វាន់មួយនេះ BTS ក៏នឹងត្រូវទទួលពានចំនួន៣ផ្សេងទៀត ពីកម្មវិធីខាងលើផងដែរ ដែលធ្វើឲ្យចំនួនពានក្រុមនេះត្រូវទទួលជាបណ្តោះអាសន្នមានរហូតដល់៤ទៅហើយ។

បើតាមការចេញផ្សាយពីសារព័ត៌មាន Soompi នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ត្បិតអ្នកឈ្នះពានរង្វាន់ផ្លូវការមិនទាន់ប្រកាសក៏ពិតមែន ប៉ុន្តែបើតាមការប្រកាសជាបណ្តោះអាសន្នក្រុម BTS បានឈ្នះពានចំនួន៤បាត់ទៅហើយ គឺពាន «Top Selling Song», ពាន «Top Group», ពាន «Top Song sales Artist», និងពាន «Top Social Artist»។ ដែលនេះគឺជាជោគជ័យដ៏ធំមួយរបសក្រុម K-POP មួយនេះ ដែលបានយកឈ្នះបទល្បីៗរបស់តារាអាមេរិកជាច្រើន។

នៅយប់ថ្ងៃទទួលពានរង្វាន់ BTS ក៏ឡើងសម្តែងបទចម្រៀង «Butter» របស់ពួកគេជាលើកដំបូងផងដែរ។

គួរជម្រាបថា ក្នុងឆ្នាំនេះ ក្រុម K-POP បុរស BTS បានបង្កើតស្នាដៃថ្មី និងលើកដំបូងបង្អស់របស់ខ្លួន ដោយទទួលបានពានរង្វាន់ «Top Song sales Artist» និងលើកទី២របស់ពួកគេ ដែលទទួលបានពាន «Top Group» ខណៈលើកមុន គឺពួកគេធ្លាប់ទទួលពាននេះ ក្នុងឆ្នាំ២០១៩៕