(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្តល់ជូនកម្មវិធីប្រូម៉ូសិនថ្មីមួយ ដែលអតិថិជនរបស់អម្រឹត អាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ និងរង្វាន់ធំម៉ូតូថ្មីស្រឡាងមួយគ្រឿង ដោយគ្រាន់តែជ្រើសរើសយកការបង់សងប្រាក់កម្ចី របស់ពួកគេតាមរយៈភ្នាក់ងារ របស់ក្រុមហ៊ុន ទ្រូម៉ាន់នី។

អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏អាចរីករាយជាមួយតម្លៃ សេវាទាបជាងមុនផងដែរសម្រាប់ការបង់សងប្រាក់កម្ចីគ្រប់ប្រភេទ ដោយបង់ថ្លៃសេវាត្រឹមតែ ០,៥ដុល្លារប៉ុណ្ណោះ។

គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចប្រឹងប្រែងយុទ្ធសាស្រ្តរួមគ្នា ដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុនទាំងពីរ ដើម្បីធ្វើឱ្យការបង់សងប្រាក់កម្ចីកាន់ តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញ តាមរយៈការកាត់បន្ថយការចំណាយពេលវេលា លើការធ្វើដំណើរទៅកាន់សាខា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីបង់សងប្រាក់កម្ចី។

យុទ្ធនាការនេះក៏ជួយសម្រួល ដល់អតិថិជនអម្រឹត ក្នុងការបង់សងប្រាក់កម្ចីនៅក្រៅម៉ោងធ្វើការ ជាធម្មតារបស់សាខាអម្រឹតផងដែរ។
ប្រូម៉ូសិននេះចាប់ផ្តើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនេះ អតិថិជនអាចមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍ ព្រមទាំងចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ធំម៉ូតូ Honda Zoomer X ថ្មីស្រឡាងមួយគ្រឿង នៅចុងបញ្ចប់នៃយុទ្ធនាការនេះ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្នមានភ្នាក់ងារជាង ១ម៉ឺនទីតាំងដែលផ្តល់សេវាផ្ញើប្រាក់នៅទូទាំងប្រទេស។

លោក Alan Wee នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានឲ្យដឹងថា «ប្រូម៉ូសិននេះ ផ្តល់ជូនភាពងាយស្រួលបន្ថែមទៀត ដល់អតិថិជនរបស់យើងក្នុងគ្រាដែលបច្ចុប្បន្នពិបាក ក្នុងការធ្វើដំណើរទៅកាន់សាខារបស់អម្រឹត ដើម្បីបង់សងប្រាក់កម្ចី»

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា «នៅក្រុមហ៊ុន ទ្រូម៉ាន់នី យើងតែងតែសម្លឹងរកមើលវិធីថ្មីៗ ដើម្បីបន្ថែមតម្លៃដល់អតិថិជនរបស់យើង។ នៅពេលនេះ យើងទទួលស្គាល់ថា វាអាចមានការលំបាកជាងមុន សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្ងាយ ហេតុដូច្នេះហើយបានជាយើងរីករាយ ក្នុងការផ្តល់ជូនសេវានេះ ទៅកាន់អតិថិជនរបស់អម្រឹត តាមរយៈបណ្តាញភ្នាក់ងារដ៏ធំរបស់យើង នៅទូទាំងប្រទេស»

លើសពីនេះទៀត អតិថិជនដែលប្រើប្រាស់កម្មវិធី TrueMoney e-Wallet អាចទទួលបានការមិនគិតថ្លៃសេវា នៅពេលបង់សងប្រាក់កម្ចីរបស់ខ្លួន ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងដៃគូផ្សេងទៀតដោយគិតចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕