(អាមេរិក)៖ ថ្មីៗនេះរឿងអាស្រូវមួយបានផ្ទុះឡើងពាក់ព័ន្ធនឹងលោក Bill Gates ស្ថាបិក និងកំពូលមហាសេដ្ឋីលំដាប់ ពិភព លួចមានទំនាក់ទំនងសម្ព័ន្ធភាពផ្លូវភេទជាមួយនឹងបុគ្គលិកស្រីនៅក្នុងក្រុមហ៊ុន Microsoft ខណៈដែលរូបលោក បានរៀបការរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

រឿងអាស្រូវផ្លូវភេទនេះបានផ្ទុះឡើងតែប៉ុន្មានថ្ងៃក្រោយពីលោក Bill Gates និងលោកស្រី Melinda French Gates ប្រកាសលែងលះ ហើយការប្រកាសលែងលះទៀតសោតត្រូវបានគេយល់ឃើញថា លោក Bill Gates ចែកផ្លូវគ្នា ជាមួយភរិយាយដោយសារតែរឿងអាស្រូវខាងលើ។

ពាក់ព័ន្ធនឹងករណីនេះផងដែរលោក Satya Nadella នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft បានលើកឡើងថា ករណីរឿងអាស្រូវនេះបានកើតមានឡើង តាំង ពីឆ្នាំ២០០០ ពោលគឺកើតឡើងជាងពីរទសវត្សមកហើយ ខណៈដែលការស៊ើបអង្កេតនៅមិនទាន់បង្ហាញរបាយការណ៍ ពេញលេញ។

នាយកប្រតិបត្តិជនជាតិឥណ្ឌារូបនេះបានបន្ថែមទៀតថា សម្រាប់សមាជិកក្រុមប្រឹក្សាភិបាល, អ្នកវិនិយោគ និងបុគ្គលិក ទាំងអស់ អាចបង្ហាញពីក្ដីព្រួយបារម្ភរបស់ខ្លួនមកកាន់ក្រុមហ៊ុនបានពាក់ព័ន្ធនឹងករណីនេះ ហើយ ក្រុមហ៊ុននឹងធ្វើការបកស្រាយជួនផងដែរ ទៅតាមករណីនីមួយៗ ជាពិសេសគឺលទ្ធផលនៃការស៊ើបអង្កេត។

លោក Nadella ក៏បានរំលេចផងដែរថា កាលពីឆ្នាំ ២០០៦ ក្រុមហ៊ុន Microsoft បានចេញគោលការណ៍មួយ គឺត្រូវ បញ្ចប់រាល់សកម្មភាពទំនាក់ទំនងស្នេហារវាង បុគ្គលិក និងថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុន ដែលការធ្វើបែបនេះដើម្បី រក្សា បាននូវភាពស្អាតស្អំ និងសេចក្ដីថ្លៃថ្នូ។

ជាមួយគ្នានេះផងដែរ លោក Nadella ក៏បានក្រើនរលឹកដល់ គ្រប់គ្នាថា នៅពេលនេះក្រុមហ៊ុន Microsoft មានការរីក ចម្រើន និងបានបង្កើតនូវអ្វីៗដែលអស្ចារ្យជាច្រើន ហើយសម្រាប់ផលិផលនាពេលអនាគតគឺកាន់តែអស្ចារ្យថែមទៀត ដូច្នេះគួរតែគិតទៅលើចំណុចទាំងនេះជាជាងអង្គុយតែលើកឡើងពីបញ្ហា ឬសេចក្ដីព្រួយបារម្ភលើករណីខាងលើ។

យោងតាមអ្នកនាំពាក្យរបស់ Microsoft បានឱ្យដឹងថា កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ក្រុមហ៊ុនបានទទួល លិខិត មួយដែលបានលើកឡើងពីករណីទំនាក់ទំនងលោក Bill Gates ជាមួយនឹងបុគ្គលិកតាំងពីឆ្នាំ២០០០ ដែលនាំឱ្យ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុននាំគ្នាជំរុញឱ្យលោក Bill Gates លាឈប់ពីតំណែងសមាជិក ក្រុមប្រឹក្សាភិបាល ហើយ ក្រោយមកនៅឆ្នាំ២០២០ លោក Bill Gates ក៏បានប្រកាសលាឈប់ពិតមែន ប៉ុន្តែមិនពាក់ព័ន្ធនឹងករណីខាងលើ ឡើយពោលគឺលាឈប់ដោយសារតែលោករវល់នឹងសកម្មភាពមនុស្សធម៌៕