(អាមេរិក)៖ ខ្សែភាពយន្តហូលីវូដដ៏ល្បី ប្រមូលផ្តុំ ដោយតារាសម្តែងល្បីៗតាំងពីវគ្គ១ដល់វគ្គ៩នេះ គឺ «Fast And Furious 9» ឬ F9 ត្រូវបានប្រកាសថា រកចំណូលពីការលក់សំបុត្របានជិត២០០លានដុល្លារអាមេរិក ក្នុងរយៈពេល១សប្តាហ៍ដំបូង ខណៈប្រទេសចិន គឺជាទីផ្សារដ៏ខ្ពស់បំផុតសម្រាប់ភាពយន្តមួយនេះ ដែលទទួលបានចំណូលច្រើនជាងគេ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន The Straits Times នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

បើតាមរបាយការណ៍បានបង្ហាញថា ប្រាក់ចំណូលពីការលក់សំបុត្រ សម្រាប់រឿង F9 នេះ ពីទីផ្សារចំនួន៨ រួមមានប្រទេសចិន, កូរ៉េខាងត្បូង ,ហុងកុង និងពីបណ្តាប្រទេសផ្សេងទៀត គឺទទួលបានប្រាក់សរុបចំនួន ១៦២.៤ លានដុល្លារអាមេរិកក្នុង១សប្តាហ៍ដំបូង។ នេះជាកំណត់ត្រានៃប្រាក់ចំណូលដ៏ខ្ពស់បំផុតសម្រាប់ភាពយន្តហូលីវូដ ចាប់តាំងពីរងការវាយប្រហារដោយសារជំងឺកូវីដ-១៩។

ក្នុងចំណោមប្រាក់ចំណូលចំនួន ១៦២.៤ លានដុល្លារអាមេរិកនេះ គឺមានរហូតដល់ទៅ ១៣៥លានដុល្លារអាមេរិកទៅហើយ ដែលរកបានតែក្នុងទីផ្សារប្រទេសចិនតែមួយប៉ុណ្ណោះ ដែលវាជាចំណូលមួយដ៏ខ្ពស់បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត ដូចជាកូរ៉េខាងត្បូងរកបាន ៩.៩ លានដល្លារ, ប្រទេសខាងមជ្ឈឹមបូព៌ារកបាន ៦.២លានដុល្លារ និងហុងកុងរកបាន២.៤លានដុល្លារ។

ជាការកត់សម្គាល់ ប្រាក់ចំណូលពីការលក់សំបុត្ររឿង F9 នេះ បើតាមការរំពឹងគឺខ្ពស់ជាងគេ ប៉ុន្តែដោយសារតែការចេញផ្សាយរយៈពេល១សប្តាហ៍ដំបូង គឺចំពេលដែលប្រទេសមួយចំនួនផ្ទុះករណីកូវីដ-១៩ឡើងវិញ។ ជាក់ស្តែង ប្រទេសសឹង្ហបុរី ដែលគ្រោងនឹងចាក់បញ្ចាំងរឿងនេះ នៅថ្ងៃទី២៦ ខែឧសភា ប៉ុន្តែត្រូវពន្យារពេលវិញ។

គួរជម្រាបថា ដោយសារតែវិបត្តិកូវីដ១៩ ខ្សែភាពយន្តល្បីៗជាច្រើន ដែលចំណាយប្រាក់ផលិតខ្ទង់លានដុល្លារ ត្រូវបានពន្យារពេលចាក់បញ្ចាំងម្តងជាពីរដង តែយ៉ាណាផលិតកម្មធំៗដែលរងផលប៉ះពាល់ទាំងនោះ នៅតែមានក្តីសង្ឃឹម ត្បិតបច្ចុប្បន្នមានវ៉ាក់សាំងការពារកូវីដ១៩ ត្រូវបានចាក់ជូនប្រជនជនជាបន្តបន្ទាប់។ ខណៈរឿងល្បីរបស់អាមេរិក «Fast & Furious 9» ដែលធ្លាប់ពន្យារពេលចាក់បញ្ចាំងម្តងជាពីរដងនោះ បានចាប់ផ្តើមចាក់បញ្ចាំងឡើងវិញហើយ ដោយក្នុងសប្តាហ៍ដំបូង គឺទទួលបានប្រាក់ពីការលក់សំបុត្រ ចំនួន ១៦២.៤ លានដុល្លារអាមេរិក៕