(ក្រុងឡុងដ៍)៖ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងប្រកាសឈ្មោះកីឡាករទាំង ២៤រូបដើម្បីលេងនៅពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2020 នៅក្រោយបញ្ចប់វគ្គផ្តាច់ព្រ័ត្រ Europa League និង Champions League។

អតីតគ្រូបង្វឹកឈុត U23 ខាងលើនេះក៏បានកំពុងតាមដានបញ្ហារបួសរបស់ខ្សែការពារកណ្តាល Harry Maguire របស់ក្លិប Manchester United, Arnold របស់ Liverpool និងកីឡាករចាំទី Nick Pope របស់ Burnley ផងដែរដែលកំពុងមានបញ្ហារបួសដូចគ្នានៅថ្ងៃបិទបញ្ចប់រដូវកាល Premier League 2020-2021។

មាន ៣ក្លិបរបស់អង់គ្លេសដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុបរដូវកាលនេះតួយ៉ាង Manchester United ត្រូវប៉ះ Villarreal របស់អេស្ប៉ាញនៅរាត្រីថ្ងៃព្រហស្បតិ៍ ដណ្តើមពាន Europa League នៅមុនពេល Chelsea ប៉ះ Manchester City ដណ្តើមពាន Champions League នៅរាត្រីថ្ងៃអាទិត្យសប្តាហ៍។

១ប្រកួតដំបូងរបស់ក្រុមតោកំណាចអង់គ្លេសនៅ Euro 2020 ត្រូវប៉ះក្រូអាត នៅថ្ងៃទី១៣ ខែមិថុនា តែមុនការប្រកួតមក ពួកគេក៏ត្រូវជួបអូទ្រីស នៅថ្ងៃទី០២ ខែមិថុនា និង ៤ថ្ងៃក្រោយប៉ះរ៉ូម៉ានី នៅក្នុងជំនួបមិត្តភាពអន្តរជាតិ៕