(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ និយមលេចវត្តមានសម្តែងក្នុងរឿងភាគខ្មែរ កញ្ញា ម៉ិច ម៉ារីកា បានរៀបរាប់ពីអាការៈជំងឺកូវីដ-១៩របស់ខ្លួន ក្រោយពីប្រកាសថាបានឆ្លងជំងឺនេះ និងត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅដឹព្រីមៀសែនសុខ។

កញ្ញា ម៉ិច ម៉ារីកា បានថ្លែងប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រូនិច នៅព្រឹកនេះថា រូបនាងបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ភ្លាមៗ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខណៈលទ្ធផលបានបង្ហាញថា នាងក៏មានវិជ្ជមានកូវីដ-១៩ ដែរ។

តារាស្រីរូបនេះ បានបន្តថា រូបនាងត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅ ដឹព្រីមៀសែនសុខ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ខណៈស្ថានភាពសុខភាពរបស់នាងវិញ មកទល់នឹងពេលនេះមិនទាន់មានអាការៈអ្វីគួរឲ្យព្រួយបារម្ភឡើយ ពោលគឺមានសុខភាពល្អធម្មតា។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យក៏បានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ មិនថាតែរូបនាង និងអ្នកជំងឺដទៃទៀតឡើយ ខណៈដែលការផ្ដល់ជូននូវអាហារ និងថ្នាំផ្សេងៗ គឺពុំមានអ្វីជាក្ដីបារម្ភនោះទេ។

ជាមួយគ្នានេះ តារាសម្តែង ម៉ិច ម៉ារីកា បានអំពាវនាវដល់ប្រជាជនខ្មែរ ក៏ដូចជាអ្នកគាំទ្រ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន និងកុំប្រហែលជាមួយជំងឺកូវីដ-១៩ឲ្យសោះ ទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ក្តី៕