(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសកីឡាករវ័យក្មេងៗ ត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នៅប្រទេសបារ៉ែន នាដើមខែក្រោយ គឺជាការចង់សាកល្បងប្រើប្រាស់កីឡាករយុវជន ដើម្បីអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា ២៤នាក់ ដែលត្រូវចូលរួមការប្រកួតសេសសល់ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 នៅប្រទេសបារ៉ែន តែក្នុងនោះ គេឃើញមានកីឡាករវ័យក្មេងមួយចំនួន ពិសេសកីឡាករខេត្តព្រៃវែង ដែលមានវ័យទើប ១៧ឆ្នាំ និង ១៩ឆ្នាំជាដើម។

ខ្សែបម្រើប្រយុទ្ធទើបជួយក្លិប Neftçi Baku លើកពានលីគកំពូលប្រទេសអាស៊ែបៃហ្សង់ខាងលើ បាននិយាយថា «យើងបានបង្ហាញសមាភាពកីឡាករទាំង ២៤រូប ដែលនឹងត្រូវចូលរួមប្រកួតជម្រុះ នៅប្រទេសបារ៉ែន ។ យើងបានជ្រើសរើសកីឡាករក្មេងៗ ព្រោះយើងចង់សាកល្បងប្រើប្រាស់កីឡាករយុវជន ដើម្បីអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជា នាពេលខាងមុខ»

យ៉ាងណាមិញលោក Keisuke Honda បានប្រាប់កីឡាករផ្សេងៗ ដេលមិនត្រូវបានជ្រើសរើសចូលរួមក្នុងក្រុមជម្រើសជាតិពេលនេះ សូមកុំអាក់អន់ចិត្ត ដ្បិតអ្នកទាំងនោះ នៅតែមានឱកាសនាពេលក្រោយទៀត ដរាបណាពួកគេនៅតែបន្ដការខិតខំប្រឹងប្រែង។

អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះបន្ដថា «ការប្រមូលផ្ដុំលើកនេះ យើងនឹងព្យាយាមផ្ដល់ឱកាសលេងដល់កីឡាករឲ្យបានច្រើនរូបតាមដែលអាចធ្វើបាន។ ដូច្នេះសូមចាំមើលសកម្មភាពកីឡាករទាំងនោះ យើងនឹងព្យាយាមអស់ពីសកម្មភាព ព្រោះបងប្អូនប្រាកដជាដឹងហើយថា គូរប្រកួតយើង គឺសុទ្ធតែជាក្រុមដែលខ្លាំង ប៉ុន្ដែយើងនឹងលេងបែបយើង»

គួរបញ្ជាក់ថា ក្រោយបង្ហាញបញ្ជីឈ្មោះកីឡាករ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រទេសបារ៉ែន នារាត្រីថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភាចុងសប្ដាហ៍នេះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមការប្រកួត ៣ប្រកួតចុងក្រោយ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ដោយត្រូវជួបម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣-មិថុនា, ជួបអ៊ីរ៉ាក់ ថ្ងៃទី៧-មិថុនា និងចុងក្រោយប៉ះក្រុមខ្លាំងអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕