(ភ្នំពេញ)៖ បុគ្គលិកចំនួន៣នាក់ក្នុងផលិតកម្ម LD ត្រូវបានប្រកាសថាបានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមនោះមានផ្នែក Camera Man និងផ្នែក Producer ម្នាក់។ ទន្ទឹមគ្នានេះ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើតឡើងក្នុងផលិតកម្មលោក លៀក លីដា ដែលជាចាងហ្វាង បានប្រកាសផ្អាកដំណើរការទាំងអស់ក្នុងក្រុមហ៊ុនរយៈពេល១៤ថ្ងៃ ខណៈបុគ្គលិកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានត្រូវបានបញ្ចូនទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

ចាងហ្វាងផលិតកម្ម LD លោក លៀក លីដា បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះថា បុគ្គលិកនៃផលិតកកម្ម LD របស់លោកចំនួន៣នាក់ បានរកឃើញថាមានវិជ្ជាមានកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ម្សិលមិញ បន្ទាប់ពីធ្វើតេស្តសំណាកចេញលទ្ធផលវិជ្ជមាន។ ក្នុងចំណោម៣នាក់នោះ គឺរួមមានផ្នែក Camera Man ឈ្មោះ គង់ ឌីណា និង សុខឡេង និង ផ្នែក Producer ម្នាក់ឈ្មោះ សឿន វិចិត្រ ខណៈអ្នកទាំងបី ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅកោះពេជ្រ។

លោក លៀក លីដា បានបន្តថា បន្ទាប់ពីរកឃើញបុគ្គលិក៣នាក់ខាងលើវិជ្ជមានកូវីដ-១៩នោះ ក្រុមហ៊ុនទាំងមូលគឺត្រូវបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ហើយបុគ្គលិកដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល បានបញ្ចូនទៅធ្វើសំណាកភ្លាមៗ និងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន។

ដោយសារតែផលិតកម្មមាន Project ច្រើន ដូច្នេះលោក លៀក លីដា មិនបានបញ្ជាក់នោះទេថា តើសកម្មភាពថតដែលអ្នកវិជ្ជមានខាងលើធ្វើការនោះ គឺថតរឿងឬកម្មវិធីអ្វីដែរ ប៉ុន្តែលោកបានធ្វើការសន្និដ្ឋានថា ទំនងជាថតរឿងកំប្លែងវគ្គខ្លីៗ។

យ៉ាងណាមិញ សម្រាប់ស្ថាភាពសុខភាពរបស់បុគ្គលិកនៃផលិតកម្ម LD ទាំងបីនាក់ខាងលើ រហូតមកទល់នឹងពេលនេះ គឺសុខភាពល្អ ធម្មតា មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ ខណៈបុគ្គលិកជាបន្តបន្ទាប់ បានទៅធ្វើសំណាក និងធ្វើចត្តាឡីស័ក៕