(ភ្នំពេញ)៖ តារាសម្តែងសិចស៉ី ដេននី ក្វាន់ ថ្មីៗនេះបានសម្រេចចិត្តទម្លាយរឿងដ៏ហួសចិត្តមួយ គឺពាក់ព័ន្ធជាមួយនឹងសណ្ឋាគារសមុទ្រមាស ដែលបានបង្កប់កាមេរ៉ាក្នុងបន្ទប់គេង ដើម្បីថតសកម្មភាពរបស់ភ្ញៀវ ជាហេតុធ្វើឲ្យនាងទទួលរងគ្រោះ ហើយនៅក្នុងសំណុំរឿងនេះ នាងអះអាងថាខ្លួនទទួលរងនូវភាពអយុត្តិធម៌ពីម្ចាស់សណ្ឋាគារ ធ្វើឲ្យរូបនាងកើតទុក្ខមិនសុខចិត្ត ក៏សម្រេចបន្តទាមទារនូវអ្វី ដែលនាងស័ក្តិសមនឹងទទួលបាន។

តារាសម្តែងសិចស៉ី ដេននី ក្វាន់ បានថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី២៥ ខែឧសភានេះថា បន្ទាប់ពីលទ្ធផលនៃសំណុំរឿងរបស់ខ្លួន ដែលប្តឹងម្ចាស់សណ្ឋាគារសមុទ្រមាស ហាក់ទទួលបាននូវភាពអយុត្តិធម៌ ធ្វើឲ្យរូបនឹងកើតទុក្ខមិនសុខចិត្ត និងកំពុងតែពិភាក្សាជាមួយមេធាវីរបស់ខ្លួន ដើម្បីបន្តទាមទាររកយុត្តិធម៌ពីម្ចាស់សណ្ឋាគារខាងលើ ក្នុងន័យឲ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះជានារីខ្មែរ ហើយនាងក៏ស្អប់ខ្ពើមនូវទង្វើអាក្រក់ ដែលបានធ្វើមកលើរូបនាង ក៏ដូចជាភ្ញៀវផ្សេងៗទៀត។

ដេននី ក្វាន់ បានអះអាងបន្តទៀតថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាងនឹងជួបពិភាក្សាជាមួយមេធាវីរបស់ខ្លួន រិះរកនីតិវិធីតាមផ្លូវច្បាប់ ដើម្បីបានយុត្តិធម៌ដល់ខ្លួន ខណៈដែលសំណុំរឿងដំបូង គឺនាងទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ និងស្នើឲ្យម្ចាស់សណ្ឋាគារ ដែលជាអនិកជនខ្មែររស់នៅអាមេរិក ទទួលខុសត្រូវមុខច្បាប់ ប៉ុន្តែអ្វីដែលជាការខកចិត្ត គឺនាងទទួលបានសំណងផ្លូវចិត្តត្រឹមតែ១ម៉ឺនដុល្លារ និងម្ចាស់សណ្ឋាគារស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតផង។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ តារាសម្តែង ដេននី ក្វាន់ បានសម្រេចចិត្តទម្លាយរឿងរ៉ាវមួយ ដែលលាក់ទុកជាច្រើនខែមកហើយ អំពីករណីនៃការផ្ទុះជម្លោះរវាងនាង និងម្ចាស់សណ្ឋាគាយីយោ «សមុទ្រមាស» នៅខេត្តព្រះសីហុ។ ដេននី ក្វាន់ បានអះអាងថា នាងបានគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម និងម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់របស់នាងគេង។

នាងបញ្ជាក់ដែរថា មិនមែនតែបន្ទប់នាងទេ គឺគ្រប់បន្ទប់ទាំងអស់ក្នុងសណ្ឋាគារនោះ គឺមានបង្កប់កាមេរ៉ា។ នាងថារឿងក្តីនេះកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ហើយនាងមិន Live ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផលចេញមកអយុត្តិធម៌ សម្រាប់រូបនាង ទើបដាច់ចិត្តទម្លាយ ដើម្បីបន្តរកយុត្តិធម៌៕