(ប៉ារីស)៖ លោក Christophe Galtier បានចុះចេញពីតំណែងគ្រូបង្វោលរបស់ Lille ជាផ្លូវការហើយ ក្រោយក្លិបនេះឈ្នះជើងឯកលីគកំពូលបារាំង Ligue 1 រដូវកាលនេះទើបតែបាន ២ថ្ងៃប៉ុណ្ណោះ។

បុរសវ័យ ៥៤ឆ្នាំខាងលើនេះបានដឹកនាំ Lille យកឈ្នះម្ចាស់ផ្ទះ Anger កាលពីរាត្រីថ្ងៃអាទិត្យជាហេតុធ្វើឲ្យពួកគេនាំក្រុមជើងឯកឆ្នាំចាស់ Paris Saint-Germain ដើម្បីក្លាយជាជើងឯកតែម្តងនារដូវកាល ២០២០-២០២១ ក្រោយរង់ចាំអស់រយៈពេល ៤ឆ្នាំក្រោមការបង្វឹករបស់លោក Galtier។

លោក Galtier ត្រូវបានតែងតាំងឲ្យដឹកនាំក្លិប Lille កាលឆ្នាំ២០១៧ ជំនួសកៅអីលោក Marcelo Bielsa ស្របពេលដែលក្លិបបារាំងមួយនេះបានកំពុងប្រឈមធ្លាក់ទៅលេងក្របខណ្ឌទី២ ដែលត្រូវបានផ្សាភ្ជាប់ទៅដឹកនាំក្លិបជាសមាជិក Ligue 1 ដដែលរួមមាន Nice និងក្លិប Lyon។

លោក Christophe Galtier មិនបានបញ្ជាក់ពីមូលហេតុចាកចេញនោះទេ គ្រាន់តែថ្លែងអារម្មណ៍ក្នុងចិត្តខ្លះៗដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់នៅពេលដែលវេលារបស់ខ្ញុំនៅទីនេះត្រូវបានបញ្ចប់។ ការចាកចេញនៅពេលនេះ ជាជាងចាកចេញនៅពេលក្លិបធ្លាក់ចុះ»

ក្រោយមកទៀត ថ្នាក់ដឹកនាំក្លិប Lille ក៏ទទួលយកការសម្រេចចិត្តនេះដែរ៕