(អាមេរិក)៖ ឆ្លើយតបទៅកាន់រដ្ឋាភិបាលឥណ្ឌា ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ការកំណត់ និងដាក់ចេញនូវគោលការណ៍ថ្មីរបស់ WhatsApp គឺជា «អាទិភាពខ្ពស់បំផុត» សម្រាប់អ្នកប្រើប្រាស់ក្នុងគោលបំណងដើម្បីរក្សាសុវត្ថិភាព។

យោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានផ្ញើលិខិតផ្លូវការមួយ ទៅកាន់ក្រុមហ៊ុន Facebook កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយស្នើសុំឱ្យក្រុមហ៊ុន Facebook ដកចេញនូវច្បាប់ថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់ WhatsApp ធ្វើការចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយនឹងបណ្ដាញសង្គម Facebook។

«យើងបានឆ្លើយបតទៅនឹងលិខិតស្នើសុំរបស់រដ្ឋាភិបាលឥណ្ឌារួចហើយ ដោយបានបញ្ជាក់ថា យើងធានាទៅលើសិទ្ធិឯកជន និង ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដោយយើងបានចាត់ទុកវាគឺជា អាទិភាពខ្ពស់បំផុត»។ នេះជាការឆ្លើយបតរបស់ Facebook ទៅកាន់ រដ្ឋាភិបាលឥណ្ឌា។

ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មាន Reuters បានចេញផ្សាយថា រដ្ឋាភិបាលឥណ្ឌាបានស្នើលិខិតមួយទៅកាន់ Facebook ដោយស្នើសុំឱ្យ ដកគោលការណ៍ថ្មីចេញពី WhatsApp និងបានបញ្ជាក់ថា បើសិនជាមិនដកតាមការស្នើសុំនោះទេ រដ្ឋាភិបាលឥណ្ឌានឹង អនុវត្តវិធាន ការ តាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា ឥណ្ឌាគឺជាប្រទេសដែលមានអ្នកប្រើប្រាស់ច្រើនរហូតដល់ជាង ៥០០លាននាក់ ប៉ុន្តែក្រោយពី WhatsApp បាន ប្រកាសដាក់ចេញគោលការណ៍ថ្មីមក អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា បានងាកទៅប្រើកម្មវិធីផ្សេងៗជំនួសវិញ ដោយពួកគេបាន បង្ហាញពីក្ដីព្រួយបារម្ភទៅលើសុវត្ថិភាព៕