(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies បាននិយាយថា នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការ (OS) ថ្មីដែលមានឈ្មោះថា HarmonyOS សម្រាប់ស្មាតហ្វូននៅថ្ងៃទី០២ ខែមិថុនាខាងមុខនេះ ដែលជាកិច្ចខិតខំ ប្រឹងប្រែងថ្មីមួយបន្ទាប់ពីរងសម្ពាធ និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធ ដំណើរការ HarmonyOS គឺត្រូវបានក្រុមហ៊ុន Huawei ត្រៀមទុកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន ក្រោយ ពេល ដែល Google បញ្ឈប់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Android តាមរយៈការដាក់ទណ្ឌកម្មរបស់អាមេរិក។

ពាក់ព័ន្ធនឹងព័ត៌មានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការថ្មីនេះ ក្រុមហ៊ុន Huawei ផ្ទាល់មិនបានបញ្ជាក់ឱ្យដឹងលម្អិត ឡើយ ខណៈដែលគេសង្ស័យថា Huawei អាចនឹងបង្ហាញវត្តមានកំពូលស្មាតហ្វូនថ្មីដែលភ្ជាប់មកជាមួយនូវប្រព័ន្ធ ដំណើរការនេះតែម្ដង។

Huawei ត្រូវបានគេដឹងថា ជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយស្ថិតនៅលេខរៀងកំពូលក្នុងចំណោម Apple និង Samsung ប៉ុន្តែក្រោយពីទទួលការដាក់ទណ្ឌកម្មពីសំណាក់អាមេរិក បានធ្វើឱ្យអត្រានៃការលក់ស្មាតហ្វូនរបស់ Huawei ធ្លាក់ចុះ ដោយបច្ចុប្បន្នស្ថិតនៅលេខរៀងទី៦វិញ៕