(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunner Solskjaer បានលើកឡើងមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានក្របខណ្ឌទី២ អឺរ៉ុប Europa League 2021 ទល់នឹងក្រុមអេស្ប៉ាញ Villarreal ក្នុងថ្ងៃទី២៧ ខែឧសភានេះថា «ការឈ្នះពាននេះ ជាការបោះជំហានដ៏រឹងមាំមួយទៅថ្ងៃអនាគតរបស់ក្រុមនេះ»។

លោក Ole បានលើកឡើងមុនការប្រកួតថា «ការយកឈ្នះ Villarreal ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នឹងក្លាយជាការបោះជំហានដ៏រឹងមាំមួយទៅថ្ងៃអនាគតរបស់ក្លិប»។ ខណៈការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Gdansk ស្ថិតក្នុងប្រទេសប៉ូឡូញ គ្រាដែលបុរសសញ្ជាតិន័រវេសខាងលើនេះ ពិតជាមានការជឿជាក់មួយថាអាចយកឈ្នះគូប្រជែង Villarreal ដែលបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ នៃតារាងពិន្ទុ La Liga 2020-2021 នេះ។

លោក Ole នៅមិនទាន់បានដឹកនាំក្រុមរហសនាម (បិសាចក្រហម) Man Utd ឈ្នះពានណាមួយនៅឡើយទេចាប់តាំងពីបានចូលកាន់តំណែងគ្រួបង្វឹកក្រុមនេះ តាំងរដូវកាល ២០១៨-២០១៩ ក្រៅពីក្លិបនេះធ្លាប់ឈ្នះពានធំៗ Champions League និង Premier League ក្នុងនាមជាកីឡាករជាមួយក្លិប ខណៈក្លិបក៏ធ្លាប់លើកពាន UEL នេះម្តងដែរកាលឆ្នាំ២០១៦-២០១៧ ក្រោមការដឹកនាំរបស់លោក Jose Mourinho នៅពេលយកឈ្នះ Ajax ២-០ នៅវគ្គផ្តាច់ព្រ័ត្រ៕