(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អេខេមបូឌា) បានបន្តការសន្យារបស់ខ្លួនចំពោះការយកចិត្តទុកដាក់លើអតិថិជន តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្តល់ជូនការពន្យាពេលបង់បុព្វលាភធានារ៉ាប់រងរយៈពេល២ខែ ដល់អតិថិជនដែលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺកូវីដ-19។

ស្ថិតក្រោមកម្មវិធីផ្តល់ជូនពិសេស AIA Covid Care របស់ក្រុមហ៊ុន ការផ្តល់ជូននេះគឺជាការផ្តល់ជូនថ្មីបំផុត ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុជូនអតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-19 ឬវិធានការបង្ការជាបន្តបន្ទាប់ដោយសារជំងឺនេះ។

អតិថិជនដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ-19 រងការប៉ះពាល់ជីវភាព ឬអាជីវកម្ម ឬ ប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ហើយបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់ដល់កាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រងបន្តចាប់ពីថ្ងៃទី២៤ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នឹងត្រូវអនុញ្ញាតឱ្យពន្យាពេលបង់រយៈពេល២ខែ ដែលនឹងត្រូវយោងតាមការស្នើសុំរបស់អតិថិជន។

កាយវិការសុច្ឆន្ទៈនេះបានផ្តល់ឱកាសជូនអតិថិជនក្នុងការប្រើប្រាស់ធនធានរបស់ពួកគាត់ទៅលើតម្រូវការបន្ទាន់ផ្សេងៗ
ទៀត។ បន្ថែមពីនេះ អេ អាយ អេ ខេមបូឌា ក៏បានបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងដែល អស់សុពលភាព ដើម្បីធានាថាអតិថិជននៅតែបន្តទទួលបានការការពារ និងភាពស្ងប់អារម្មណ៍។

កម្មវិធីផ្តល់ជូនពិសេស AIA Covid Care បង្កើតឡើងដើម្បីជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺ Covid-19 ជាមួយការផ្តល់ជូនជាច្រើនផ្សេងទៀតដែលមានក្នុងកម្មវិធីនេះ ដូចជាការផ្តល់ការការពារឥតគិតថ្លៃលើករណីជំងឺកូវីដ-19 រហូតដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២១។ ការផ្តល់ជូននេះរួមមានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥០០ ដុល្លារ ប្រសិនរកឃើញថាមានវិជ្ជមានជំងឺកូវីដ-19 និង ៥០០០ដុល្លារ ក្នុងករណីមរណភាពដោយសារជំងឺនេះ។ ការផ្តល់ជូនមួយទៀតគឺសម្រាប់ការពារប្រាក់ចំណូលអតិថិជនដែលទទួលរងផលប៉ះពាល់ក្រោយពីចាក់វ៉ាក់សាំងចំនួនបី (វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេ វ៉ាក់សាំងគ្រុណផ្តាសាយ និងវ៉ាក់សាំង COVID-19)។ អតិថិជននឹងទទួលបានប្រាក់ថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតដល់ ៥០០ ដុល្លារ និងអត្ថប្រយោជន៍មរណភាព ៥០០០ ដុល្លារ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ការផ្តល់ជូនទាំងនេះ គឺផ្តល់ជូនពីលើអត្ថប្រយោជន៍ដែលមានស្រាប់នៅក្នុងបណ្ណសន្យារ៉ាប់រង របស់អតិថិជន។

បន្ថែមពីលើអត្ថប្រយោជន៍ទាំងពីរខាងលើ ម្ចាស់បណ្ណសន្យារ៉ាប់រង (អតិថិជន) ក៏មានជម្រើសក្នុងការពិនិត្យមើលចំនួនបុព្វលាភធានារ៉ាប់រងឡើងវិញ ឬផ្លាស់ប្តូររបៀបបង់ ដើម្បីឲ្យស្របនឹងការផ្លាស់ប្តូរ និងការប៉ះពាល់ប្រាក់ចំណូលដែលពួកគាត់ កំពុងប្រឈមមុខ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា បានថ្លែងថា «ជីវភាព និងប្រាក់ចំណូលរបស់អតិថិជនអាចរងផលប៉ះពាល់ដោយរោគរាតត្បាតនេះ។ ហេតុនេះហើយ យើងសង្ឃឹមថា ការពន្យារពេលបង់បុព្វលាភធានារ៉ាប់រង ដោយមិនមានការចំណាយបន្ថែម ឬ លក្ខខណ្ឌតម្រូវពីអតិថិជននេះ នឹងអាចឱ្យពួកគាត់ថែរក្សាមនុស្សជាទីស្រឡាញ់ឲ្យមានសុវត្ថិភាព សុខភាពល្អ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគាត់។ ការផ្តល់ជូនពិសេសៗរបស់យើងលើជំងឺកូវីដ-19 គឺដើម្បីសុខុមាលភាព និងសុខភាពហិរញ្ញវត្ថុរបស់អតិថិជន។ ទោះបីស្ថិត ក្នុងស្ថានភាពណាក៏ដោយ អេ អាយ អេ ខេមបូឌា នឹងបន្តគាំទ្រ និងផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ស្របតាមការសន្យារបស់យើងក្នុងការជួយមនុស្សគ្រប់គ្នាមានសុខភាព និងជីវិតកាន់តែប្រសើរ»។

ដើម្បីស្វែងយល់បន្ថែមពីវិធីដែល អេ អាយ អេ ជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សូមទាក់ទងទីប្រឹក្សាផែនការជីវិត/ផ្នែកសេវាកម្មអតិថិជន ០៨៦ ៩៩៩ ២៤២ ឬចូលទៅកាន់គេហទំព័រ aia.com.kh។

*ស្របតាមការអនុម័តរបស់និយតករ៕