(អាមេរិក)៖ តារាសម្តែងល្បីឈ្មោះរបស់អាមេរិក លេចវត្តមានក្នុងរឿង «Fast & Furious 9» ឬ F9 និងជាកីឡាកាសគឺលោក ចន ស៉ីណា នាពេលថ្មីៗនេះ បានចេញវីដេអូមួយ ក្នុងន័យសុំការអធ្យាស្រ័យពីសំណាក់អ្នកគាំទ្រជនជាតិចិន ចំពោះកំហុសរបស់លោក ពាក់ព័ន្ធនឹងការហៅកោះតៃវ៉ាន់ ថា «ជាប្រទេស»

បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គមចិន Weibo នៅថ្ងៃអង្គារ៍សប្តាហ៍នេះ លោក ចន ស៉ីណា បាននិយាយថា លោកបានសាងកំហុសមួយ អំឡុងពេលផ្តល់កិច្ចសម្ភាសន៍ ពេលដែលផ្សព្វផ្សាយខ្សែភាពយន្ត។ លោកថា រូបលោកពិតជាស្រឡាញ់ ក៏ដូចជាគោរព ប្រទេសចិន និងប្រជាជនចិនផងដែរ និងសុំទោសចំពោះកំហុសដែលលោកបាននិយាយចេញមក។ ក្រៅពីនិយាយសារទាំងនេះ ចន ស៉ីណា មិនបានបញ្ជាក់អ្វីលំអិតបន្ថែមនោះទេថា តើលោកនិយាយខុសនោះ នៅក្នុងកម្មវិធីណាមួយឲ្យប្រាកដ។

បើគេនៅចាំមិនភ្លេច នៅដើមខែឧសភានេះ តារាសម្តែងក្នុងរឿង F9 លោក ចន ស៉ីណា បាននិយាយនៅពេលផ្សព្វផ្សាយរឿង F9 ដោយទំនងជាបានហៅតៃវ៉ាន់ ថាជាប្រទេសដំបូងដែលបានទស្សនាខ្សែភាពយន្ត។ យ៉ាងណាមិញ ក្រោយចេញវីដេអូសុំទោស គេសង្កេតឃើញថាអ្នកគាំទ្រចិន បានយល់ព្រម និងទទួលនូវការពន្យល់របស់តារាសម្តែងរូបនេះ។

គួរជម្រាបថា ប្រទេសចិនត្រូវបានគេដឹងថា គឺជាទីផ្សារខ្សែភាពយន្តហូលីវូដដ៏ធំមួយ ខណៈរបាយការណ៍នាពេលថ្មីៗនេះ បានបង្ហាញថា ប្រាក់ចំណូលពីការលក់សំបុត្រ សម្រាប់រឿងហូលីវូដ «Fast & Furious 9» ពីទីផ្សារចំនួន៨ រួមមានប្រទេសចិន, កូរ៉េខាងត្បូង ,ហុងកុង និងពីបណ្តាប្រទេសផ្សេងទៀត គឺទទួលបានប្រាក់សរុបចំនួន ១៦២.៤ លានដុល្លារអាមេរិកក្នុង១សប្តាហ៍ដំបូង។

ក្នុងចំណោមប្រាក់ចំណូលចំនួន ១៦២.៤ លានដុល្លារអាមេរិកនេះ គឺមានរហូតដល់ទៅ ១៣៥លានដុល្លារអាមេរិកទៅហើយ ដែលរកបានតែក្នុងទីផ្សារប្រទេសចិនតែមួយប៉ុណ្ណោះ ដែលវាជាចំណូលមួយដ៏ខ្ពស់បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀត៕