(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបភ្នំពេញក្រោន លឹម ពិសុទ្ធ បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីលេងឲ្យក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីត្រូវបានកោះហៅចូលក្រុមធំលើកដំបូង។ ពិសុទ្ធ មានសុទិដ្ឋិនិយមថា ខ្លួនមានសមត្ថភាពគ្រាប់គ្រាន់ ដើម្បីជួយក្រុមជម្រើសជាតិ គ្រាន់តែខ្វះខាតបទពិសោធប៉ុណ្ណោះ។

កីឡាករវ័យ ១៩ឆ្នាំរូបនេះបានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរំភើបជាខ្លាំង ព្រោះក្តីស្រម៉ៃខ្ញុំបានក្លាយជាការពិតហើយ។ ខ្ញុំគិតថា ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងឲ្យក្រុមជម្រើសជាតិ គ្រាន់តែនៅខ្វះបទពិសោធព្រោះមិនធ្លាប់បានលេងជាមួយពួកគាត់ពីមុនមក ខ្ញុំមានតែបទពិសោធកាលពីលេងឲ្យក្រុមអាយុក្រោម ១៩ឆ្នាំ»

យុវជនមានដើមកំណើតនៅរាជធានីភ្នំពេញ និងជាក្មួយប្រុសបង្កើតរបស់អតីតកីឡាករជម្រើសជាតិ រស់ សំអឿន ដដែលបន្ដថា «សម្រាប់ខ្ញុំគឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការលេងឲ្យក្រុមជម្រើសជាតិ ប៉ុន្តែបើជាក្រុមវិញ គឺមិនទាន់ទេ ដោយសារតែមិនទាន់បានហាត់ជុំគ្នាទេ»

នេះជាលើកដំបូងហើយ ដែល លឹម ពិសុទ្ធ ត្រូវបានសហព័ន្ធកោះហៅចូលជម្រើសជាតិក្រុមធំ បន្ទាប់ពីរូបគេបានជាប់ជម្រើសជាតិយុវជនស្ទើរគ្រប់កម្រិតអាយុ ។ ប៉ុន្ដែក្រៅពី ពិសុទ្ធ ក៏មានកីឡាករវ័យក្មេងមួយចំនួន ដែលបានលោក Ryu Hirose ជ្រើសរើសផងដែរ ពិសេសកីឡាករខេត្តព្រៃវែង ដូចជា វុធ តុលា, ញឹម លីហួរ, ស រតនា និង ឡេង ណូរ៉ា ជាដើម។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រទេសប៉ារ៉ែន នាវេលាម៉ោង ១១៖៥៥នាទីយប់ថ្ងៃទី២៧ ខែឧសភាស្អែកនេះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមការប្រកួតសេសសល់ ៣ប្រកួតចុងក្រោយ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ពូលC ដោយត្រូវជួបម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣-មិថុនា, ជួបអ៊ីរ៉ាក់ ថ្ងៃទី៧-មិថុនា និងចុងក្រោយប៉ះក្រុមខ្លាំងអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕