(ភ្នំពេញ)៖ តារាចម្រៀង វណ្ណា ស័ក្តិ និងម្តាយ គឺតារាសម្តែង ណយ សំណាង ដែលបានប្រកាសថា បានឆ្លងជំងឺកូវីដ-១៩នោះ នៅពេលត្រូវបានសាមីខ្លួន គឺលោក វណ្ណា ស័ក្កិ បញ្ជាក់ថា លោកបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយសុំគ្រូពេទ្យបន្តនៅសម្រាកបន្ថែមទៀត ដើម្បីមើលថែម្តាយ ដែលមិនទាន់ជាសះស្បើយ។

តារាចម្រៀង វណ្ណា ស័ក្តិ បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា សម្រាប់រូបលោកផ្ទាល់គឺបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ដោយឡែកសម្រាប់អ្នកម្តាយ គឺលោកយាយ ណយ សំណាង នៅមិនទាន់ជាសះស្បើយនោះទេ ហេតុនេះហើយទើបរូបលោកសុំការអនុញ្ញាតពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបន្ត ដើម្បីនៅមើលថែម្តាយ ដែលមិនទាន់ជាសះស្បើយពីជំងឺកូវីដ-១៩។

តារាចម្រៀងរូបនេះ បន្តថា ម្តាយរបស់លោក គឺលោកស្រី ណយ សំណាង បានធ្វើតេស្តសំណាកចំនួន៣ដងរួចមកហើយ ហើយស្ថានភាពជំងឺរបស់លោកស្រី គឺបានធូរស្បើយខ្លាំង ប៉ុន្តែនៅអស់កំលាំង ហើយពិសារអាហារមិនសូវបាន និងចាំបាច់ត្រូវនៅមើលថែម្តាយ ទោះបីជាក្រុមគ្រូពេទ្យអនុញ្ញាតឲ្យលោកទៅផ្ទះ ក៏លោកមិនទាន់ទៅដែរ ដោយអះអាងថា «បើខ្ញុំទៅ នរណាមើលថែម្តាយខ្ញុំ»

គួរជម្រាបថា លោកស្រី ណយ សំណាង ដែលទស្សនិកជនខ្មែរជំនាន់ដើមស្គាល់ថាជា អតីតតួឯកល្ខោននិយាយដ៏ល្បីប្រចាំវិទ្យុជាតិជំនាន់ទសវត្សឆ្នាំ១៩៨០ និង ជាតារាចម្រៀងអាយ៉ៃស្រ្តីជើងចាស់ និងជាតារាកំប្លែងផងនោះ ព្រមជាមួយតារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុស ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី៕