(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញយក្ស Amazon បានសម្រេចជាផ្លូវការទិញយកក្រុមហ៊ុន MGM ដែលជាស្ទូឌីយោផលិតភាពយន្ត James Bond 007 ក្នុងតម្លៃ ៨.៤៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

នេះជាការចំណាយដ៏ធំរបស់ក្រុមហ៊ុន Amazon ដោយកាលពីឆ្នាំ២០១៧ បានចំណាយប្រាក់រហូតដល់ ១៣.៧ពាន់លានដុល្លារអាមេរិក ទិញក្រុមហ៊ុន Whole Foods ។

កាលពីខែធ្នូកន្លងទៅនេះ សារព័ត៌មាន Reuters ធ្លាប់បានចេញផ្សាយម្ដងមកហើយថា ក្រុមហ៊ុន MGM មានគម្រោង ប្រកាសលក់ ក្រុមហ៊ុន និងបានប្រកាសស្វែងរកប្រភពទុនវិនិយោគថ្មី ដោយក្នុងនោះមានធនាគារពីរមានចំណាប់អារម្មណ៍គឺ Morgan Stanley និង LionTree ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះឧស្សាហកម្មកម្សាន្តហាក់ដូចជាផ្ទុះឡើងនូវការប្រកួតប្រជែងគ្នា ក្នុងការផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ដោយថ្មីៗនេះ ក្រុមហ៊ុន AT&T បានរួមបញ្ជូលគ្នានូវស្ទូឌីយោពីរគឺ WarnerMedia និង Discovery ដើម្បីពង្រីក និងពង្រឹងសេវាកម្មតាមអនឡាញ ខណៈដែល Walt Disney Co.'s (Disney+) និង Netflix កំពុងតែជោគជ័យ និងកើបលុយយ៉ាងសន្ធឹកសន្ធាប់៕