(ចិន)៖ ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន Xiaomi Corp បានរាយការណ៍នៅថ្ងៃពុធនេះ ពីប្រាក់ចំណូលនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានការកើនឡើង៥៥ភាគរយ, ដែលចំនួននេះ លើសការរំពឹងទុករបស់អ្នកវិភាគ, ខណៈខ្លួនបានដណ្តើមចំណែទីផ្សារ ពីមេដឹកនាំទីផ្សារ គឺក្រុមហ៊ុន Huawei Technologies Co Ltd, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។

ប្រាក់ចំណូលបានកើនឡើងដល់៧៦,៨៨ពាន់លានយ័ន (១២ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទី១ ដែលបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា, កើនឡើងពី៤៩,៧០ពាន់លានយ័ន បើធៀបនឹងពេលវេលាដូចគ្នា កាលពីឆ្នាំមុន។ ខណៈក្រុមអ្នកវិភាគបានរំពឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Xiaomi មានចំនួនត្រឹមតែ៧៤,៥ពាន់លានយ័នប៉ុណ្ណោះ, នេះបើតាមទិន្នន័យពីក្រុមហ៊ុនវិភាគទីផ្សារ Refinitiv។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន បានកើនឡើង១៦៤ភាគរយ ដល់ចំនួន៦,១ពាន់លានយ័ន ធៀបនឹងការប៉ាន់ស្មានទីផ្សារ មានត្រឹមតែ៣,៩៧ពាន់លានយ័នប៉ុណ្ណោះ៕