(ក្រុងតូរីន)៖ ប្រធានផ្នែកកីឡារបស់ក្លិបបាល់ទាត់ Juventus លោក Fabio Paratici នឹងចាកចេញពីក្លិប បន្ទាប់ពីបំពេញការងារអស់រយៈពេលជាង ១ទសវត្សរ៍ ជាមួយក្លិបអតីតម្ចាស់ពានរង្វាន់ជើងឯករបស់អ៉ីតាលីមួយនេះ នៅពេលដែលកុងត្រារបស់លោកផុតកំណត់នៅខែក្រោយ។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

លោក Paratici ដែលបានចូលរួមជាមួយសេះបង្កង់ Juventus ក្នុងឆ្នាំ២០១០ បន្ទាប់ពីចេញពីក្លិប Sampdoria នោះ បានបំពេញតួនាទីជាច្រើន នៅក្នុងក្លិបមួយនេះ ក្នុងនោះរួមទាំងប្រធានផ្នែកកីឡា និងប្រធានមន្ត្រីបាល់ទាត់ផងដែរ ហើយបានបញ្ចប់ជាមួយនឹងលទ្ធផលផ្លែផ្កា ក្រោយបំពេញតួនាទីអស់រយៈពេល ១១ឆ្នាំ ខណៈក្លិបនេះបានឈ្នះពានរង្វាន់ Serie A ៩ដងជាប់គ្នាចាប់តាំងពីរដូវកាល ២០១១-២០១២ ដល់រដូវកាល ២០១៩-២០២០។

យ៉ាងណាក៏ដោយ Juve បានស៊ូទ្រាំនូវយុទ្ធនាការខកចិត្តនាពេលនេះ ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Andrea Pirlo ដោយបានបញ្ចប់ក្នុងលទ្ធផលចំណាត់ថ្នាក់លេខ៤ ក្នុងលីគ Serie A។

«វាគឺជាឆ្នាំដ៏អស្ចារ្យនៃការរីកចម្រើនអាជីពរបស់ខ្ញុំ។ Juventus បានផ្តល់ឲ្យខ្ញុំនូវឱកាស ដើម្បីអនុវត្តការងាររបស់ខ្ញុំដោយមានសេរីភាពពេញលេញ និងដោយគ្មានការជ្រៀតជ្រែកនៅក្នុងការគោរពពេញលេញនៃតួនាទីរបស់ខ្ញុំ» នេះបើតាមសំដីលោក Paratici បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

លោកបន្ថែមថា «ខ្ញុំសូមអរគុណចំពោះក្លិបទាំងមូល, បុគ្គលិក, សហការី, កីឡាករ, គ្រូបង្វឹក, ម្ចាស់ភាគហ៊ុន និងអប្រធានក្លិប លោក Andrea Agnelli។ វាជាជំពូកសំខាន់មួយនៃអាជីពរបស់ខ្ញុំ ដែលត្រូវបានបញ្ចប់ ខណៈខ្ញុំកំពុងរង់ចាំការប្រកួតប្រជែងថ្មីៗ»