(ភ្នំពេញ)៖ ក្រោយមានមន្ទិលពីបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រភេទកីឡាមួយចំនួនជុំវិញការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានីហាណូយ នាខែវិច្ឆិកាចុងឆ្នាំនេះ ម្ចាស់ផ្ទះវៀតណាម បានចេញមុខអះអាងជាថ្មីថា ១០០% ខ្លួននឹងរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ជាសកលក៏ដោយ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ដែលដឹកនាំដោយអនុប្រធានអចិន្ដ្រៃយ៍លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្មីៗកន្លងទៅ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានបញ្ជាក់ថា «វៀតណាមបានធ្វើការអះអាង គេនឹងធ្វើការរៀបចំទទួលស្វាគមន៍បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ចូលរួមការប្រកួតកីឡាស៊ីហ្គេមប្រកបដោយទំនុកចិត្តថា ស៊ីហ្គេមនេះ នឹងកើតឡើង ១០០%។ ការអះអាងជាថ្មីនេះដោយសារភាពស្រពេចស្រពិលអំពីការជ្រួលច្របល់រឿងស្ថានភាពកូវីដ-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង»។

«ដូច្នេះអង្គប្រជុំរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីថ្មីៗបានផ្ដោតការយកចិត្តទុកដាក់ទៅលើការផ្ដល់នូវក្ដីទុកចិត្តគ្នាទៅវិញទៅមក ហើយឲ្យប្រទេសនីមួយៗត្រៀមលក្ខណៈកុំឲ្យមានមន្ទិលថា វៀតណាមអាចនឹងធ្វើ ឬអាចនឹងមិនធ្វើអី... តែឥឡូវនេះគឺច្បាស់លាស់ហើយ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាមបានធានា ១០០ គឺថាត្រូវតែធ្វើ»។ លោក វ៉ាត់ ចំរើន បន្ថែម។

អាស្រ័យហេតុនេះ លោកបានក្រើនរំឮកសហព័ន្ធកីឡាជាតិ ត្រូវត្រៀមលក្ខណៈចូលរួម ពិសេសការត្រៀមលក្ខណៈតាមកាលបរិច្ឆេទសំខាន់ៗ ចាប់ពីឥឡូវ រហូតដល់ការប្រកួត តើត្រូវធ្វើអ្វីខ្លះ? ក្នុងនោះលោកបានសង្កត់ធ្ងន់ អំពីរបៀប និងពេលវេលាចុះឈ្មោះ ពេលវេលាចូលរួម និងការប្រកួត និងពិធីបើក-បិទជាដើម ខណៈលក្ខណៈបច្ចេកទេសទាំងអស់នេះ នឹងទទួលបាននៅថ្ងៃទី១៥ ខែមិថុនាខាងមុខ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នឹងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដោយម្ចាស់ផ្ទះបានកំណត់កីឡា ៤០ប្រភេទដាក់ឲ្យប្រកួត ខណៈកម្ពុជា ត្រៀមបញ្ជូនអត្តពលិក ៣២ប្រភេទចូលរួម។ អ្វីដែលពិសេស កម្ពុជាបានចាត់ទុកស៊ីហ្គេមចុងឆ្នាំនេះ គឺជាយុទ្ធសាស្ដ្រដ៏សំខាន់ ក្នុងការស្វែងរកលទ្ធផល គុណផលកីឡា និងបទពិសោធ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕