(អាមេរិក)៖ អ្នកគាំទ្រវិស័យ K-POP ហាក់មានការភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានលើកយកវិស័យ K-POP និងភាពយន្តកូរ៉េ «Minari» មកនិយាយ បន្ទាប់ពីសង្កេតឃើញថា សិល្បៈរបស់កូរ៉េហាក់មានការល្បីល្បាញខ្លាំង ដោយមានអ្នកគាំទ្រនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយពីសាព័ត៌មាន Koreaboo នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
លោក Joe Biden បានលើកឡើងទាក់ទងនឹងវិស័យសិល្បៈរបស់កូរ៉េនោះ គឺតាមរយៈជំនួបពិភាក្សាមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In នៅសេតវិមាននាពេលថ្មីៗនេះ។ ហើយត្រូវគេចាត់ទុកថា ជាការជួបគ្នាលើកទី២ហើយ រវាងប្រធានាធិបតីប្រទេសទាំងពីរ ចាប់តាំងពីលោក Joe Biden ឡើងកាន់តំណែងមក។
ប្រធានាធិបតីអាមេរិក Joe Biden បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានប្រវត្តិដ៏យូរលង់មកហើយជាមួយគ្នា ទាំងវិស័យយោធា, វិស័យវិទ្យាសាស្ត្រ, វិស័យអប់រំ ការចែករំលែកគំនិត និងឱកាសជាដើម ខណៈប្រជាជន និងវប្បធម៌ក៏មានទំនាក់ទំនងល្អផងដែរ។
លោក Joe Biden ក៏បានបន្តសរសើរពីវប្បធម៌ និងវិស័យកំសាន្តរវាងអាមេរិក និងកូរ៉េខាងត្បូង ដោយលើកឡើងថា អ្នកគាំទ្រ វិស័យ K-POP គឺមានជាសាកល ជាក់ស្តែងបទចម្រៀងថ្មី «Butter» របស់ក្រុម BTS ដែលត្រូវបានបញ្ចេញនាពេលថ្មីៗនេះជាដើម។
បន្ថែមពីនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានលើកឡើងពីតារាសម្តែងជើងចាស់ក្នុងរឿង «Minari» លោកស្រី Youn Yeo Jung ដែលទើបតែបំបែកកំណត់ត្រា ក្លាយជាតារាសម្តែងស្រីរបស់កូរ៉េលើកដំបូងដែលទទួលបានពានរង្វាន់ ផ្នែកតួអង្គរងឆ្នើម ពីកម្មវិធី Oscars ។ លោកលើកឡើងថា សម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូងនឹងកាន់តែរឹងមាំឡើង តាមរយៈឥទ្ធិពលវប្បធម៌នៃប្រទេសទាំងពីរ។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសិល្បៈរបស់កូរ៉េខាតត្បូងទាំងផ្នែកចម្រៀង, ភាពយន្ត និងផ្នែកផ្សេងៗទៀត ហាក់កំពុងស្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះស្នាដៃភាពយន្តកូរ៉េជាបន្តបន្ទាប់ បានដណ្តើមពានរង្វាន់ក្នុងកម្មវិធីល្បីៗរបស់អាមេរិក។ លើសពីនេះ ងាកមកបទចម្រៀងរបស់ក្រុម K-POP ល្បីៗវិញ បានបំបែកកំណត់ត្រាជាបន្តបន្ទាប់ ដោយហក់ឡើងដល់ចំណុចកំពូលនៃតារាងចម្រៀងអាមេរិក Billboard ផងដែរ។
ជាក់ស្តែងថ្មីៗនេះ មានសេចក្តីប្រកាសជាផ្លូវការថា ក្រុមចម្រៀង K-POP បុរស BTS ទើបតែបំបែកកំណត់ត្រាចំនួន៥បន្ថែមទៀត ពី Guinness World Records តាមរយៈស្នាដៃចម្រៀងថ្មីរបស់ពួកគេ គឺបទ «Butter» ។ ចំនួននេះធ្វើឲ្យកំណត់ត្រា Guinness World Records ដែលពួកគេទទួលបានសរុបរហូតដល់ទៅ ២៣ឯណោះ តាមរយៈស្នាដៃចម្រៀងរបស់ពួកគេ៕