(ភ្នំពេញ)៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសម្រេចជ្រើសរើសទីតាំងឧទ្យានជាតិរាម នាខេត្តព្រះសីហនុ គឺជាទីតាំងសាងសង់ទីលានប្រកួតកីឡាបាញ់កាំភ្លើង សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈសហព័ន្ធ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Yeejia Tourism Development Company LTD ដើម្បីសាងសង់ទីលាននេះ ដោយគ្រោងចំណាយថវិកាប្រមាណ ២ ទៅ ៣លានដុល្លារឯណោះ។
ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដៃគូខាងលើ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជាក់ថា ទីលានកីឡាបាញ់កាំភ្លើងស្តង់ដាអន្ដរជាតិនេះ សហព័ន្ធបានកំណត់រយៈពេលសាងសង់ត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ ដើម្បីប្រើប្រាស់សម្រាប់ក្រុមកីឡាបាញ់កាំភ្លើងជម្រើសជាតិកម្ពុជា ធ្វើការស្នាក់នៅ និងហ្វឹកហាត់អភិវឌ្ឍសមត្ថភាពត្រៀមការប្រកួតកម្រិតអន្តរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។
លោកបន្ដថា ទីលាននេះ មិនត្រឹមជាកន្លែងហ្វឹកហាត់ និងប្រកួតកីឡានោះទេ ប៉ុន្តែវានឹងក្លាយជាដែកឆក់ស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តផងដែរ ពិសេសពេលការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ លោករំពឹងថា ទីលាននេះ នឹងក្លាយជាចលករទាក់ទាញកំណើនភ្ញៀវទេសចរណ៍ថ្មីមួយទៀត សម្រាប់ខេត្តព្រះសីហនុ ។ ហេតុនេះហើយ ទើបសហព័ន្ធបានសម្រេជ្រើសរើសយកឧទ្យានជាតិរាម ដើម្បីសាងសង់ទីលាន ដ្បិតខេត្តព្រះសីហនុ គឺជាតំបន់មានសក្ដានុពលស្រាប់។
គួរបញ្ជាក់ថា ការជ្រើសរើសទីតាំងឧទ្យានជាតិរាម ដើម្បីសាងសង់ទីលានបាញ់កាំភ្លើង បន្ទាប់ពីគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC បានពិនិត្យ និងអនុញ្ញាតឲ្យសហព័ន្ធ ដែលដឹកនាំដោយលោក មៀច សុផាន់ណា រៀបចំទីលានប្រកួតស្ដង់ដារ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាបាញ់កាំភ្លើង។ ចំណែកគណៈអចិន្ដ្រៃយ៍ CAMSOC ក៏នឹងធ្វើរបាយការណ៍ស្នើសុំការសម្រេចចុងក្រោយពីសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC នាពេលឆាប់ៗខាងមុខផងដែរ។
តាមគម្រោងទីលានបាញ់កាំភ្លើងស្ដង់ដារអន្ដរជាតិនេះ នឹងសាងសង់លើផ្ទៃដីសរុប ២៥ហិចតា ដោយគ្រោងចំណាយថវិកាប្រមាណ ២ ទៅ ៣លានដុល្លារ។ ប៉ុន្ដែក្រៅពីកីឡាបាញ់កាំភ្លើង ក៏មានកីឡា ២ប្រភេទៀត នឹងត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅខេត្តព្រះសីហនុដែរ រួមមានកីឡាម៉ូតូទឹក និងកីឡាទូកក្ដោង។ រីឯកីឡាផ្សេងៗទៀត នឹងត្រូវប្រកួតលើទីតាំងធំៗចំនួន៤ ទៀត គឺមានខេត្តសៀមរាប(កីឡាជិះកង់) ខេត្តកែប(កីឡាទ្រីយ៉ាងត្លុង) ខេត្តកំពត(កីឡាទូកកានូ-កាយ៉ាក់ និងទូកប្រពៃណីខ្នាតអន្ដរជាតិ) និងរាជធានីភ្នំពេញ ដែលជាទីតាំងបណ្ដុំប្រកួតកីឡាច្រើនជាងគេ ពិសេសនៅពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង៕