(អាមេរិក)៖ ក្រុមហ៊ុន ByteDance មេធំរបស់ TikTok បានចាប់ផ្ដើមប្រមូលទិញហ៊ុនវិញពីសំណាក់ អតីត និងបុគ្គលិក របស់ក្រុមហ៊ុន បន្ទាប់ពីផែនការចេញលក់ IPO ឬចូលផ្សារហ៊ុនត្រូវបានបោះបង់ចោល។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន ByteDance ត្រូវបានគេដឹងថា គ្រោងនឹងដាក់កម្មវិធី Douyin ( TikTok ប្រើតែនៅក្នុងប្រទេសចិន) ចូល ក្នុង ផ្សារហ៊ុនហុងកុង ប៉ុន្តែក្រោយមកស្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានដកខ្លួនវិញ ហើយបើតាមប្រភពជាច្រើន បានអះអាងថា អាចនឹងជាប់ពាក់ព័ន្ធករណីរឹងបណ្ដឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលចិន។

កាលពីសប្ដាហ៍មុននេះ លោក Zhang Yiming សហស្ថាបនិក ByteDance បានប្រកាសថានឹងលាលែងពីតំណែង នាយកប្រតិបត្តិ (CEO) តាំងដែលមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ រហូតដល់មានប្រភពព័ត៌មាន ជាច្រើន បានលើកឡើងថា ប្រហែលជារូបលោក រួមនឹងក្រុមហ៊ុន ByteDance អាចជាប់ពាក់ព័ន្ធនឹងករណីស៊ើបអង្កេត ពី សំណាក់រដ្ឋាភិបាលចិន។

នៅក្នុងអ៊ីមេលដែលក្រុមហ៊ុន ByteDance បានផ្ញើទៅកាន់អតីត និងបុគ្គលិកទាំងអស់ បានបញ្ជាក់ថា ក្រុមហ៊ុននឹង ទិញហ៊ុនមកវិញចាប់ពីថ្ងៃទី២០ ខែមិថុនា ជាមួយតម្លៃ ១២៦ដុល្លារក្នុងមួយហ៊ុនសម្រាប់ បុគ្គលិកដែលកំពុងបម្រើការងារ ចំណែកសម្រាប់អតីតបុគ្គលិកគឺតម្លៃ ១០០.៨០ដុល្លារក្នុងមួយហ៊ុន ខណៈដែល តម្លៃ ដើមដែលក្រុមហ៊ុន ByteDance បានលក់ចេញឱ្យបុគ្គលិកមានចំនួន ៦០ដុល្លារក្នុងមួយហ៊ុន៕