(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQ Education) ជាសាជីវកម្មមានមូលដ្ឋាននៅប្រទេសកម្ពុជាមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីសម្រាប់ការនាំមកនូវប្រព័ន្ធអប់រំដែលមានគុណភាព វិន័យ និងសេវាកម្មឈានមុខគេនៅកម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏ធំមួយទៀតជាមួយនឹងពិធីសែនដាក់ឱ្យប្រើប្រាស់អគារ MJQE Tower ថ្មីដែលស្ថិតនៅលើមហាវិថីម៉ៅសេទុង នៅថ្ងៃពុធទី ២៦ ខែឧសភា ឆ្នាំ២០២១។

ស្ថិតនៅក្នុងតំបន់មួយដែល ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកសាងមូលដ្ឋានគ្រឹះដំបូងរបស់ខ្លួននៅឆ្នាំ ២០០៥ អគារកម្ពស់ ១៤ ជាន់នេះនឹងបម្រើមុខងារជាមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង ដែលផ្តល់ជូនឱ្យសិស្សនិស្សិតនូវវគ្គសិក្សាភាសាបរទេសដែលមានគុណភាពខ្ពស់។

អគារនេះ ក៏បម្រើមុខងារជាទីតាំងផ្តល់សេវាកម្មស្តង់ដារអន្តរជាតិផ្សេងទៀតដូចជា International Cultural Exchange Services Cambodia (ICES Cambodia) ដែលផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធរបស់សិស្សតាមរយៈការសិក្សានៅក្រៅប្រទេស កម្មវិធីប្រឡងសមត្ថភាព TOEFL Test Center និង TESOL House ជាកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាអង់គ្លេស ។

ថ្លែងក្នុងពិធីបើកសម្ពោធនៅថ្ងៃពុធសប្តាហ៍នេះ លោក ឡុង ពិសី នាយកសាខានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង បានថ្លែងថា អគារ MJQE Tower ត្រូវបានរចនា និងសាងសង់រួមគ្នាដោយក្រុមហ៊ុនម៉ៅការឯកជនដែលមានគុណវុឌ្ឍិល្អ និងបទពិសោធច្រើនឆ្នាំ ជាមួយនិង ផ្នែករចនានិងសំណង់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ។

លោក ឡុង ពិសី ថ្លែងថា៖ «គំនិតនៅខាងក្រោយអគារនេះត្រូវបានផ្អែកទៅលើដោយស្ថាបត្យកម្មលោកខាងលិច ជាពិសេសរចនាបថអាមេរិច។ លក្ខណៈពិសេស លេចធ្លោមួយរបស់វាគឺ កម្រិតអាទិភាពដែលវាផ្តល់ទៅលើសុវត្ថិភាពនិងសុខមាលភាពរបស់អ្នកដែលនៅខាងក្នុងអគារ»

លោកបន្តថា៖ «ការរចនាអគារនេះ គឺតែងតែគិតសុវត្ថិភាពជាមុន ដែលមានន័យថាសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ត្រូវបានការពារបានល្អគ្រប់ពេល នៅពេលពួកគេកំពុងរៀននិងធ្វើការ ។ ពួកគាត់ក៏អាចត្រូវបានជម្លៀសចេញយ៉ាងឆាប់រហ័ស និងដោយសុវត្ថិភាពក្នុងពេលមានអាសន្នណាមួយ»។

ដោយចំណាយពេល ២ ឆ្នាំដើម្បីបញ្ចប់ការសាងសង់ អគារ MJQE Tower បន្ថែមពីលើការរចនាម៉ូដបែបសាមញ្ញតែទំនើបគួរឱ្យទាក់ទាញ អគារ ត្រូវបានបំពាក់ដោយបរិក្ខារទំនើប ៗ ដើម្បីជួយសិស្សឱ្យសិក្សាបានល្អបំផុត រួមទាំងបន្ទប់ពិសោធន៍ភាសាបច្ចេកវិទ្យាខ្ពស់ ដែលសិស្សអាចប្រើប្រាស់ដើម្បីបង្កើនជំនាញរបស់ពួកគេថែមទៀត។ អគារនេះក៏រួមមានបណ្ណាល័យ ហាងសៀវភៅ អាហារដ្ឋាន ហាងកាហ្វេ និងកន្លែងសម្រាប់សិស្សសម្រាកផងដែរ ។

លោកនាយក ឡុង ពិសី បានបន្ថែមថា៖ « ខណៈអគារនេះត្រូវបានគេបង្កើតឡើងដើម្បីគុណភាពការសិក្សារបស់សិស្សយើង តែយើងក៏ចង់ធ្វើឱ្យវាក្លាយជាផ្ទះទី ២ សម្រាប់សិស្សរបស់យើង ដែលពួកគេអាចធ្វើមានទំនាក់ទំនងសង្គម និងសម្រាកលំហែអារម្មណ៍ផងដែរ»

ទន្ទឹមនឹងនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងថា អគារ MJQE Tower គឺជាសមិទ្ធផលដ៏សំខាន់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការជំរុញវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។

លោកថ្លែងបន្តថា៖ «យើងមានមោទនភាពដែលមានអគារនេះ ប៉ុន្តែវាមិនមែនជារឿងអស្ចារ្យទេសម្រាប់យើង ដែលជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលមានអគារខ្ពស់ៗនោះទេ។ យើងមានសម្ពោធអគារជាច្រើនរួចហើយ ហើយយើងគ្រោងនឹងសាងសង់អគារជាច្រើនទៀត រួមមានសាខាថ្មីលើដីទំហំ ៣ ហិកតាក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអគារជាច្រើនទៀតនៅតាមបណ្តាខេត្ត»

លោកបានបន្ថែមថា៖ «យើងចង់មានកន្លែងបន្ថែមទៀតសម្រាប់បណ្តាសិស្សសិក្សាប្រកបដោយប្រសិទ្ធភាព លេងដោយសុវត្ថិភាព និងរាប់អានមិត្តភក្តិជាច្រើន»

អគារសិក្សា MJQE Tower បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរទទួលសិស្សឱ្យចូលសិក្សា នៅពេលដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតជាផ្លូវការឱ្យគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសបើកដំណើរការឱ្យសិស្សនិស្សិតចូលរៀនឡើងវិញ៕