(ចិន)៖ កម្មវិធីប្រកួតជ្រើសរើសតារាដ៏ល្បី ដែលធ្វើឡើងនៅប្រទេសចិននិងមាន Lisa សមាជិក BLACKPINK ធ្វើជាគ្រូបង្វឹករាំនោះ ត្រូវបានប្រកាសថា បានលុបចោលទាំងស្រុង ខណៈកម្មវិធីនេះមិនទាន់ដល់វគ្គបញ្ចប់ផងនោះ។ ការលុបចោល កម្មវិធីនេះ គឺបន្ទាប់ពីរដ្ឋាភិបាលចិននាពេលថ្មីៗនេះ បានចេញបម្រាមហាមឃាត់ ចំពោះកម្មវិធីប្រកួតជ្រើសរើសតារាទាំងអស់ក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋាភិបាលចិនបានចេញសេចក្តីប្រកាសជាផ្លូវការមួយនាពេលថ្មីៗនេះ ដោយបានហាមឃាត់នូវរាល់កម្មវិធីប្រឡងជ្រើសរើសតារាថ្មីទាំងអស់ ក្នុងប្រទេសតែម្តង។ ក្នុងចំណោមនោះ មានកម្មវិធី «Youth With You» រដូវកាលទី៣ ដែលកំពុងតែល្បីនោះ ក៏ត្រូវបានលុបចោល ទាំងមិនទាន់ដល់វគ្គផ្តាច់ព្រ័ត្រ។ បានន័យថាបេក្ខនជនទាំងអស់ ក៏មិនត្រូវបានក្លាយជាអ្នកសិល្បៈនោះដែរ។

គួរជម្រាបថា កម្មវិធី «Youth With You» ដែលធ្វើឡើងនៅប្រទេសចិន និងមាន Chris Lee, Lisa (BLACKPINK) ជាគ្រូបង្វឹករាំ, Ronghai Li គ្រូបង្វឹកច្រៀង Wiber Pan ជា គ្រូបង្វឹករ៉េបនោះ កំពុង តែមាន ការចាប់អារម្មណ៍ និងទទួល ការគាំទ្រ យ៉ាងខ្លាំង ស្របពេលដែលមាន Lisa (BLACKPINK) ជា គ្រូបង្វឹករាំផងដែរ។ កម្មវិធីនេះ ឈានដល់រដូវកាលទី៣ ហើយ ខណៈបេក្ខជនដែលចូលរួមប្រកួត សុទ្ធតែពោរពេញ ទៅដោយសមត្ថភាព និង ទេពកោសល្យផ្នែកសិល្បៈ។ ប៉ុន្តែនៅពេលនេះ ស្រាប់តែមានបញ្ហា ដោយត្រូវលុបចោលពាក់កណ្តាលទី ក្រោយពីរដ្ឋាភិបាលចិន សម្រេច ដាក់បម្រាមចំពោះគ្រប់កម្មវិធី ប្រកួតជ្រើសតារា ថ្មីទាំងអស់ក្នុងប្រទេស៕