(ភ្នំពេញ)៖ សម្អាតសំរាម ដើម្បីបំផុសគំនិតសាធារណជន ឲ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗប៉ុណ្ណោះ របស់បេក្ខនារីម្នាក់នៃកម្មវិធីពានរង្វាន់ពលរដ្ឋ គំរូស្មាតឆ្នាំ២០២០។

ជាអ្នកជំនួញម្នាក់នៅទីក្រុងភ្នំពេញ អ្នកនាង សឿង សុថារី គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជន បេក្ខនារីវគ្គផ្ដាច់ព្រ័ត្រទាំង១០នាក់ ដែលសុទ្ធតែមានឱកាស ក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូស្មាត ជាមួយនឹងទឹកប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។ គាត់ត្រូវបានជ្រើសតាំងដោយលោក ចក់ វុទ្ធី ដែលជាមិត្តភក្តិរបស់គាត់ កាលនៅសាកលវិទ្យាល័យ ដោយសារសកម្មភាពការការពារបរិស្ថានដ៏លេចធ្លោរបស់គាត់។

លោក ចក់ វុទ្ធី បានថ្លែងថា «ខ្ញុំស្រលាញ់កម្មវិធីរបស់ស្មាតហ្នឹង ដែលគាត់បំផុសគំនិតពលរដ្ឋគំរូហ្នឹងមក។ អ៊ីចឹងខ្ញុំក៏គិតថា សម្រេចចិត្តជ្រើសតាំង ថារី ទៅឲ្យ Smart មួយទៅ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមើលទៅ ក្រែងលោគេធ្វើគំរូតាមបានច្រើនអ៊ីចឹង ក្លាយទៅជាប្រទេសដែលស្រលាញ់បរិស្ថានច្រើន ព្រោះអីភាគច្រើន ខ្ញុំឃើញគាត់ឲ្យតែនិយាយអីបន្តិច គឺគាត់ផ្ដោតលើបរិស្ថានអ៊ីចឹងណា»

អ្នកនាង សុថារី គឺជាម្ចាស់សិប្បកម្មតូចមួយឈ្មោះថា «ធុងបរិស្ថាន» នៅខេត្តកំពង់ចាម ជាទីដែលបុគ្គលិកជាង ១០នាក់ កែច្នៃសំបកកង់ចាស់ៗ ឲ្យទៅជាធុងសំរាម និងគ្រឿងសង្ហារឹមផ្សេងៗ ចាប់ពីឆ្នាំ២០0៨ មកម្ល៉េះ។ អ្នកនាង បានថ្លែងថា ការយកសំបកកង់រថយន្តចាស់មកកែច្នៃបែបនេះ ជួយដល់បរិស្ថានបានច្រើន ហើយអាចជួយបង្កើតការងារ ជូនដល់ពលរដ្ឋក្នុងមូលដ្ឋានទៀតផង។

អ្នកនាង បានថ្លែងថា «កំណើននៃការផ្គត់ផ្គង់ ទៅកាន់អតិថិជនបានកាន់តែច្រើន គឺស្មើនឹងការដែលយើងបានរួមចំណែកចូលរួម ក្នុងការដោះស្រាយ នូវបញ្ហាកាកសំណល់ ដែលកើតចេញពីសំបកកង់រថយន្ដចាស់ៗ ដែលយើងលែងប្រើប្រាស់ហ្នឹង បានកាន់តែច្រើនឡើងផងដែរ»

កន្លងមក គាត់ក៏បានដឹកនាំយុវជនមួយក្រុមទៅប្រមូលសំរាម នៅសហគមន៍កំពង់ឃ្លាំងក្នុងខេត្តសៀមរាបផងដែរ ដើម្បីផ្ញើសារទៅកាន់មនុស្សទូទៅដែលរស់នៅទីនោះ ឲ្យចេះស្រលាញ់បរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។ ការងារការពារបរិស្ថានរបស់គាត់ ពិតជាមានការទទួលស្គាល់ច្រើន រហូតដល់ក្រសួងបរិស្ថានបានផ្ដល់ប័ណ្ណសរសើ មេត្រីភាពបរិស្ថានប្រតិបត្តិករគំរូដល់គាត់នៅចុងឆ្នាំ២០២០។

ការផ្តល់ប័ណ្ណសរសើរនេះ គឺដោយសារការមើលឃើញរបស់ក្រសួង ចំពោះការចូលរួមចំណែករបស់ធុងបរិស្ថាន ក្នុងសង្គមតាមរយៈសារអប់រំអំពីបរិស្ថាន ការបរិច្ចាគធុងសំរាមសម្រាប់ប្រើប្រាស់តាមទីសាធារណៈ វត្តអារាម សាលារៀន និងគ្រួសារ ដែលគ្មានលទ្ធភាពនានា ក៏ដូចជាការលើកទឹកចិត្ត ដល់រូបគាត់ពីសំណាក់ក្រសួង។

ក្រៅពីនោះ អ្នកនាង សុថារី ក៏ធ្វើសកម្មភាពជួយសង្គមជាច្រើនទៀតផងដែរ ដូចជារៃអង្គាសថវិកា ដើម្បីជូនចាស់ជរាក្រីក្រជាង២០នាក់ ទៅដើរកម្សាន្តនៅខេត្តសៀមរាប ចែករំលែកបទពិសោធជាកម្លាំងចិត្តដល់យុវជន បរិច្ចាគថវិកាជូនមន្ទីរពេទ្យគុន្ធបុប្ផា និងចែកសម្ភារសិក្សាដល់កុមារកំព្រាក្រីក្រជាដើម។

លោក ឡាក់ គឹមសាត ដែលជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានរៀបរាប់ថា វិទ្យាល័យរបស់លោកធ្លាប់បានទទួលអំណោយជាធុងសំរាមចំនួន ២០ធុងពីអ្នកនាង សុថារី កាលពីឆ្នាំ២០១៨ ដើម្បីប្រើប្រាស់រក្សាបរិស្ថាន និងអនាម័យនៅក្នុងសាលាររបស់លោក ហើយតាំងពីបានធុងសំរាមទាំងនេះ មកបរិស្ថានសាលាបានល្អប្រសើរជាងមុន។

លោកគ្រូថ្លែងថា «លោកគ្រូអ្នកគ្រូបុគ្គលិកសាលា មានការត្រេកអរ ព្រោះនៅក្នុងសាលាយើងត្រូវការបរិស្ថានស្អាត ហើយធុងហ្នឹងសម្រាប់ដាក់តាមថ្នាក់ ឲ្យសិស្សដាក់សំរាម។ យើងបានធុងហ្នឹងហើយគ្រាន់បានដាក់សំរាម»

អ្នកនាង សុថារី ក៏ចូលរួមជួយដោះស្រាយបញ្ហាបំពុលបរិស្ថានរបស់ថង់ប្លាស្ទិចផងដែរ ដោយគាត់នាំចូល និងលើកកម្ពស់ការប្រើប្រាស់សម្ភារវេចខ្ចប់ ដែលផលិតចេញពីរុក្ខជាតិ។ ចំពោះអ្នកនាង សុថារី ការធ្វើទង្វើល្អមិនមែនដើម្បីឈ្នះពានរង្វាន់អ្វីនោះទេ តែវាគឺជាការស្វែងរកសេចក្ដីស្ងប់សុខពិតសម្រាប់ខ្លួនគាត់ផ្ទាល់ ក៏ដូចជាការជួយផ្លាស់ប្ដូរពិភពលោកផងដែរ។

អ្នកនាងបន្ថែមថា «នៅពេលដែលយើងសាបព្រោះនូវទង្វើល្អទៅដល់សង្គម យើងនឹងទទួលបានផ្លែផ្កាមកវិញ ជាគុណធម៌ ជាភាពស្មោះត្រង់ ជាគុណតម្លៃនៅក្នុងជីវិតរបស់យើង។ ហើយទាំងអស់នេះ វាជាអ្វីដែលផ្ដល់ក្ដីសុខពិតប្រាកដ ចំពោះផ្លូវចិត្តរបស់យើង»

អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart៕