(ខន់វិនទ្រី-អង់គ្លេស)៖ លោក Bill Shakespeare អាយុ៨១ឆ្នាំ ក្លាយជាបុរសដំបូងគេលើពិភពលោក ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer-BioNTech នៅប្រទេសអង់គ្លេស បានទទួលមរណភាព ដោយសារជរាពាធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The New York Times នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

លោក Shakespeare អាយុ ៨១ឆ្នាំ គឺជាមនុស្សភេទប្រុសទី១ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer-BioNTech តែជាជនទី២ បន្ទាប់ពីលោកស្រី Margaret Keenan អាយុ ៩១ឆ្នាំ។

លោក Shakespeare បានស្លាប់នាថ្ងៃព្រហស្បតិ៍ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល នៅមន្ទីរពេទ្យ University Hospital ក្នុងទីក្រុង Coventry ភាគកណ្តាលប្រទេសអង់គ្លេស ជាទីតាំងដែលលោកទទួលវ៉ាក់សាំងតែម្តង។ គួរជម្រាបថា លោកស្លាប់ដោយសាររោគាពាធ និងជរាពាធ ពោលមិនមែនស្លាប់ដោយសារប្រតិកម្មវ៉ាក់សាំងឡើយ។

ក្នុងលិខិតដែលចេញផ្សាយដោយមន្ទីរពេទ្យបានបញ្ជាក់ថា «ប្រពន្ធរបស់លោកពិតជាគាប់ចិត្ត មានស្វាមីជាបុរសដំបូងលើពិភពលោក ដែលចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីប្រឆាំងនឹងមេរោគ។ កាលនៅរស់ អ្វីដែលគួរឲ្យសរសើរ គឺលោកតែងតែលើកទឹកចិត្ត ឲ្យអ្នកដទៃទៅចាក់វ៉ាក់សាំង»

សូមជម្រាបថា អង់គ្លេសបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer-BioNTech កាលពីដើមខែធ្នូ ឆ្នាំ២០២០។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ អង់គ្លេស បានរកឃើញអ្នកឆ្លងកូវីដជាង ៤លាន ៤សែននាក់ ស្លាប់ជាង ១សែន ២ម៉ឺននាក់ និងជាសះស្បើយជាង ៤លាន ៣សែននាក់៕